រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​១១​នាក់​រងរបួស​ធ្ងន់​ស្រាល ​នៅ​ស្រុក​ឧដុង្គ​

267
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ​ ៖ ​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​១១​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦-៧ ស្ថិត​ត្រង់ចំណុច​ភូមិ​ដំណាក់​ព្រីង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ ​គេ​ឃើញរថយន្ត​មួយគ្រឿង ម៉ាកស៊ី​ណា ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AR. 8120 បើកបរ​ដោយ​ឈ្មោះ ភិន ភា​រុន ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅ​ភូមិ​ចាន់​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង ​និង​អ្នករួមដំណើរ​ជាមួយ​ចំនួន​១០​នាក់​៖ ១.​ឈ្មោះ ជួន មាន ភេទ​ប្រុស​ ​អាយុ ២៥​ឆ្នាំ (​របួសស្រាល​) ២.​ឈ្មោះ ជួន តា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​របួសស្រាល​) ៣.​ឈ្មោះ គី រើ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​របួសស្រាល​) ៤.​ឈ្មោះ គី សល់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​របួសស្រាល​) ៥.​ឈ្មោះ ខេន សុ​ី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​របួសធ្ងន់​) ៦.​ឈ្មោះ ខេន សុខន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​របួសធ្ងន់​) ៧.​ឈ្មោះ លីន អាយុ ២៨​ឆ្នាំ​(​របួសស្រាល​) ៨.​ឈ្មោះ សៀន សាន អាយុ​៣៥​ឆ្នាំ​(​របួសធ្ងន់​) អ្នក​ទាំង​៨​នាក់​រស់នៅ​ភូមិ​ទឹក​អណ្តូង ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ ៩.​ឈ្មោះ ជឹម សុជាតិ អាយុ​១៩​ឆ្នាំ​(​របួសស្រាល​) ១០.​ឈ្មោះ ឈឿន ម៉ុ​ន អាយុ​៣៩​ឆ្នាំ (​របួសស្រាល​) ។​
អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្រឹង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។

រថយន្ត​បើកបរពី​ត្បូង​ទៅ​ជើង លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​រេច​ង្កូ​ត​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីលុច រេ​វ៉ូ ពណ៌ស គ្មានផ្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ដែល​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​១១​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

ប្រភព​បន្តថា ​ក្រោយពី​កើតហេតុ ​អ្នកបើករថយន្ត​ហ៊ី​លុច​រេ​វ៉ូ​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ទាំងអស់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​វត្ថុតាង​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យក​រថយន្តស្ទូចដឹក​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកឧដុង្គ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​B/Ha