រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​ ស្លាប់​យុវជន​ម្នាក់​

176
ចែករម្លែក

ដោយៈ​ចាន់តូ​:​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង បន្ទាប់ពី​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​២:១០​នាទី​រំលងអធ្រាត្រឈានចូល​ថ្ងៃ​សៅ​រ៍ ទី​២៤ ខែសីហា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ លេខ​២៦១ កែង​ផ្លូវ​លេខ​១៥៦ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា សៀង ដា​រិ​ទ្ធ ភេទ​ប្រុស ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​សុ​គី​និក ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 1DE-4544 ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅមុនពេល​កើតហេតុ គេ​សង្កេតឃើញជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៦ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​ល្មម ។ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើនេះក៏​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពី​ចំ​ហៀ​ង​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ផ្លោង​អូស​ជាង​១០​ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង រីឯ​ម៉ូតូ​បាន​អូស​ជាង​៤០​ម៉ែត្រ​បាន​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ភាគី​រថយន្ត​បង្ក​មិន​ឈប់​រង់ចាំ​ទទួលខុសត្រូវ​នោះទេ គឺ​បាន​ព្យាយាម​បើក​គេចខ្លួន​បាត់ស្រមោល ។ បន្ទាប់មក​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុករង់ចាំ​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​នៅពេល​ក្រោយ ។ រីឯ​សព​ជនរងគ្រោះ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ដឹក​យកទៅ​ត​ម្ក​ល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​បន្ត​នាពេល​ក្រោយ ៕Ha