រថយន្ត​មួយគ្រឿង​ខ្ជាក់​ឈើ​គ្រញូង ពេល​ជួប​គ្រោះថ្នាក់​ចរាចរ​តាមផ្លូវ​ជាតិ​លេខ​១

816
ចែករម្លែក
ឈើ​គ្រញូង​ដែល​អាជ្ញាធរ​រកឃើញ (​រូប​៖ ឆាយា​នាថ​)

​ភ្នំពេញ​៖​ឈើ​គ្រញូង​ជាច្រើន​កំណាត់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រកឃើញ​ក្នុង​រថយន្ត​ហាយ​ឡែ​ន​ឌើ​រ​មួយគ្រឿង ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ​បើក​បុក​ម៉ូតូ​មួយគ្រឿង កាលពី​យប់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​យក​រថយន្ត​ដែល​លួច​ដឹកឈើ​គ្រញូង​ខុសច្បាប់​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​បន្ត​នីតិវិធី​។ ក្រោយមក​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បានប្រគល់​ឈើ​គ្រញូង​នេះ ឲ្យ​ខាង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​។​

​លោក​វរៈសេនីយ៍ទោ​ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ដឹកឈើ​គ្រញូង​ល្មើសច្បាប់ ម៉ាក​ហាយ​ឡែ​ន​ឌើ​រ ពណ៌​ស្ករ ពាក់​ផ្លាកលេខ​ព្រះសីហនុ 2A-1147 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ក្រោយ​បង្ក​គ្រោះថ្នាក់​បើក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ គេចខ្លួនបាត់​។​

ឈើ​គ្រញូង​ដែល​អាជ្ញាធរ​រកឃើញ (​រូប​៖ ឆាយា​នាថ​)

​បន្ទាប់ពី​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ពេលនោះ កម្លាំង​នគរបាល​បើកទ្វា​រថយន្ត ក៏​ប្រទះឃើញ​មាន​ឈើ​គ្រញូង​ជាច្រើន​កំណាត់​ដែល​ផ្ទុក​នៅក្នុង​រថយន្ត​។​

​ក្រោយមក​សមត្ថកិច្ច​ស​ម្រេច​យក​រថយន្ត និង​វត្ថុតាង​មកកាន់​អធិការនគរបាល​ខណ្ឌ ហើយ​ទំនាក់ទំនង​ទៅកាន់​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដើម្បី​មក​ទទួលយក ព្រោះ​ករណីនេះ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ខុសច្បាប់​។ ដោយឡែក​ភាគី​ខាង​ម៉ូតូ​រងគ្រោះ រងរបួស​គួរសម ក៏​សម្រេច​ត្រឡប់​ទៅ​លំនៅឋាន​ខ្លួនឯង​។​

​ពាក់ព័ន្ធ​ករណី​ជំនួញ​ឈើ​ក្រញូង​ដឹក​តាម​រថយន្ត​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ចុះទៅ​ក្រៅប្រទេស​នេះដែរ តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​១​គឺជា​គោលដៅ​របស់​ឈ្មួញ​ក្នុងការ​ដឹកជញ្ជូន​ឈើ​គ្រញូង​ទៅកាន់​ប្រទេស​វៀតណាម​ដែលជា​ទីផ្សារ​ធំ​ក្នុងការ​ទទួល​ទិញ​ឈើ​គ្រញូង​។ ក្នុងការ​ដឹកជញ្ជូន​នេះ ឈ្មួញ​បាន​ប្រើ​រូបភាព​ដឹក​តាម​រថយន្ត​ស្ទើរ​ជា​រៀងរាល់​យប់​ចន្លោះ​ពី​ម៉ោ​៧​ទៅ​ម៉ោង​១២ រំលង​អា​ធ្រា​ត្រ ហើយ​បើក​លឿនៗ​ណាស់ ព្រោះ​ផ្លូវជាតិ​លេខ​១​អំណោយផល​ដល់​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​។ ចំពោះ​រថយន្ត​ហាយ​ឡែ​ន​ឌើ​រ ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​បង្ក​គ្រោះថ្នាក់​នៅពេលនេះ គឺ​ដឹកជញ្ជូន​ឈើ​គ្រញូង​ច្រើនលើកច្រើនសារ​មកហើយ មិនដែល​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាប់​បានឡើយ កុំ​តែ​ជួប​គ្រោះថ្នាក់​ទើប​បែកការណ បើ​មិន​បង្កបញ្ហា​បើក​បុក​ម៉ូតូ​ទេនោះ រថយន្ត​នេះ​ប្រាកដជា​ដឹកជញ្ជូន​ឈើ​គ្រញូង​ជាធម្មតា ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ទៅកាន់​ប្រទេស​វៀតណាម​យ៉ាង​រលូន​៕ ដោយ​៖ ឆាយា​នាថ​