រថយន្ត​មួយគ្រឿង​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​បីនាក់​នៅ​ក្រុង​តាខ្មៅ​

325

(​កណ្ដាល​)៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ទំនើប​មួយគ្រឿង​ម៉ាក​RANGROVER​បាន​បុក​ជាមួយ​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​បីនាក់​នៅនឹងកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​១១៥​ស្ថិតក្នុង​ភូមិ​ខ្ពប​វែង​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​កាលពី​វេលា​ម៉ោង​៦​និង​១០ នាទី​ព្រលប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​បាត់បង់​ជីវិត​មាន​គ្នា​៣​នាក់ ពុំទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​ពួកគាត់ ជិះ​ម៉ូតូឌុប​គ្នា​។ រីឯ​រថយន្ត​បង្ក​ម៉ាក​RANGROVER ពាក់​ស្លាក​លេខ​2U-6977 អ្នកបើក​រត់គេចខ្លួន​បាត់​។​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើក​ក្នុងទិសដៅ​ពី​ព្រែក​ហូរ​ឆ្ពោះទៅ​ស្តុ​ប​ព្រែក​សំរោង​(​ពី​លេចទៅ​កើត​)​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១៥​ដោយ​ល្បឿន​លឿន​។

​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​គ្នា​៣​នាក់​ពេញ​មួយ​ទំហឹង បណ្ដាលឱ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ តែម្តង​។​
ក្រោយពេល​រថយន្ត​បាន​បុក​រួច​ព្យាយាម​បើក​រត់គេចខ្លួន​ប្រមាណ​១​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​ត្រូវបាន​សមត្ថកិច្ច​អន្តរាគមន៍​ស្ទាក់ចាប់​បានតែ​រថយន្ត​រីឯ​ម្ចាស់​រត់គេចខ្លួន​បាត់ស្រមោល​។​

ករណី​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ម្ចាស់​រថយន្ត​មក​ផ្តន្ទាទោស​តាមច្បាប់​។​ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្វែងរក​គ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​ហូ​សាន់​

រថយន្ត​មួយគ្រឿង​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​បីនាក់​នៅ​ក្រុង​តាខ្មៅ​(រូប៖វ៉េបសាយ)