នៅប្រទេសមហាអំណាចប្រេង រថយន្ត​រង់ចាំ​ជា​ជួរ​យ៉ាង​វែង​ដើម្បី​ចាក់​សាំង ខណៈ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ចាប់ផ្តើម​ជះ​ផលប៉ះពាល់​

474
ចែករម្លែក

​ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​ទៅលើ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដ៏​សម្បូរ​ប្រេង​ហាក់ដូចជា​កំពុងមាន​ផលប៉ះពាល់ ដែលនាំឱ្យ​មានការ​តម្រង់​ជួរ​រាប់គីឡូម៉ែត្រ​ដើម្បី​ចាក់​ប្រេងឥន្ធនៈ​នៅក្នុង​ទីក្រុង​ម៉ា​រ៉ា​ខៃ​បូ (Maracaibo) ដែលជា​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

​អ្នកបើកបរ​ខ្លះ​ត្រូវ​រង់ចាំ​ជិត ២៤ ម៉ោង​ដើម្បី​ចាក់​សាំង ជាមួយ​មនុស្ស​នាំគ្នា​ដេក​នៅលើ​ដំបូល​រថយន្ត​របស់​ពួកគេ​ឬ​នៅក្នុង​ឡាន​។​

​ដោយ​ឡាន​កំពុង​ជិត​អស់​សាំង​និង​ជាប់​ក្នុង​ចរាចរណ៍​ដ៏​វែង លោកស្រី​វេជ្ជបណ្ឌិត យ៉ូ​លី អួ​ដា​ណេ​តា ដែល​ជំនាញ​ព្យាបាល​ជំងឺឆ្លង​បាន​និយាយថា លោកស្រី​មិនអាច​ប្តូរ​វេន​ព្យាបាល​អ្នកជំងឺ​បានទេ​នៅថ្ងៃនោះ​។​

​លោកស្រី​អួ​ដា​ណេ​តា​បាន​និយាយថា “​ខ្ញុំ​បាន​ចំណាយពេល​បួន​ថ្ងៃ​ដើម្បី​ព្យាយាម​ចាក់​សាំង​។ ប៉ុន្តែ​ខ្ញុំ​មិនអាច​ចាក់​សាំង​បានទេ​”​។​

​យោងតាម​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អវកាស​នៅ​អាមេរិក Maxar Technologies បានឱ្យដឹងថា ផ្កាយរណប​មួយ​នៅលើ​ទីក្រុង​ម៉ា​រ៉ា​ខៃ​បូ​កាលពីដើម​សប្ដាហ៍​នេះ​បាន​ថត​យក​រូបភាព​រថយន្ត​តម្រង់​ជួរ​ប្រមាណ ១,៦ គីឡូម៉ែត្រ​ក្នុង​ទីក្រុង​នេះ​ទៅកាន់​ស្ថានីយប្រេងឥន្ធនៈ​។​

​លោក រូស ដាល់​លែ​ន ដៃគូ​នៅ​ទីក្រុង​ម៉ៃ​អា​មី​នៅក្នុង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា Caracas Capital Markets បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​លើ​ការ​ចម្រាញ់​ប្រេង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានចាប់ផ្តើម​ប៉ះពាល់​ដល់​ប្រទេស​នេះហើយ​។​

​លោក​ដាល់​លែ​ន​បាន​និយាយថា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មិនមាន​សាច់ប្រាក់​ដើម្បី​នាំចូល​គ្រឿងផ្សំ​សំខាន់ៗ​ដើម្បី​បន្ត​ផលិតកម្ម​ប្រេង​នៅក្នុង​ប្រទេស​ដែលមាន​ប្រេង​បម្រុង​ធំ​បំផុត​របស់​ពិភពលោក​និង​បាន​ប៉ាន់ប្រមាណ​ថា​ក្រុមហ៊ុន​ប្រេង​រដ្ឋ PDVSA ផលិត​ទិន្នផល​ប្រេង​បានតែ​ពី ១០ ទៅ ១៥ ភាគរយ​ប៉ុណ្ណោះ​នៃ​សមត្ថភាព​ពេញទី​របស់​វា​។​

​រដ្ឋបាល​ត្រាំ​នៅ​ឆ្នាំនេះ​បានដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន PDVSA ក្នុង​បំណង​ទម្លាក់​តំណែង​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ខណៈ​បង្ហាញ​ការគាំទ្រ​របស់ខ្លួន​នៅ​ពីក្រោយ​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ​។​

​ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​បាន​កាត់រ​ដ្ឋា​ភិ​បាល​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Citgo ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូ​ស្តុ​ន ដោយ​ដកហូត​សាច់ប្រាក់​សុទ្ធ​ប្រមាណ ១១ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ប្រេង​នៅ​ឆ្នាំនេះ​ចេញពី​ហោប៉ៅ​មន្ត្រី​របស់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​រង់ចាំ​ជា​ជួរ​យ៉ាង​វែង​ដើម្បី​ចាក់​សាំង