ដោយ: ចាន់តូ / ភ្នំពេញ: ផ្ទះអ៊ុតម៉ូតូ ឡានមួយកន្លែងត្រូវបាន រថយន្ត ហ៊ីឡាក់ វីហ្គោបើកបុកចូលបណ្តាលឲ្យរងការខូចខាតនៅទ្វារផ្ទះនិងម៉ូតូមួយគ្រឿង កាលពីវេលា ម៉ោង១៩និង៥៥នាទីយប់ ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតវត្តសំរោងអណ្តែត ប្រមាណ១៥០ម៉ែត្រ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្ត ហ៊ីឡាក់ វីហ្គោ ពណ៌ខ្មៅ មិនចាំផ្លាកលេខបានបើកតាមបណ្តោយផ្លូវបេតុង ទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏បានរ៉េចង្កូតមកខាងឆ្វេងដៃ ចាប់ហ្វ្រាំងអូសលាន់លឺរំពង ដែលធ្វើឲ្យយុវជនម្នាក់ រត់ចេញទាន់កុំអីគ្រោះថ្នាក់បាត់ទៅហើយ។ រថយន្តក៏បុកចូលផ្ទះអ៊ុតឡាន ម៉ូតូបណ្តាលឲ្យបាក់ទ្វារផ្ទះ និង ម៉ូតូ ម៉ាកហុងដាប៊ិត(BeAT) ពណ៌ស លាយខៀវ ពាក់ស្លាក លេខ ភ្នំពេញ 1GZ 3152 បាក់បែកខាងមុខ យ៉ាងដំណំដែលចតនៅខាងមុខហាង ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត។
ក្រោយពីកើតហេតុរថយន្តបង្កបានបើករត់បាត់ស្រមោល៕ ល