រថយន្ត​សង្គ្រោះបន្ទាន់​ឯកជន​បុក​រថយន្ត​ឡិច​ស៊ី​ស ត្រង់​ផ្លូវបំបែក​ពេញទំហឹង បណ្តាល​ឲ្យ​របួសធ្ងន់ ២​នាក់​

1127
ចែករម្លែក

​ភ្នំពេញ​៖ រថយន្ត​សង្គ្រោះបន្ទាន់ របស់​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព សុខ លាភ​មេត្រី មួយគ្រឿង បើកបរ​យ៉ាង​លឿន ខណៈពេល​មកដល់​ចំណុច​ផ្លូវបែក​ជា​បួន មិនបាន​បន្ថយល្បឿន ក៏​បុក​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​ឡិច​ស៊ី​ស RX 400 មួយគ្រឿង យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​ជ្រុល​ចង្កូត បុក​ចូល​អាហា​ដ្ឋា​ន មយូ​រ៉ា ៣៦០​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ កែង​និង​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 2A 5893 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៦០ ក្នុងទិសដៅ​ពី​កើតមក​លិច បើកបរ​យ៉ាង​លឿន ខណៈពេល​មកដល់​កន្លែង​កើតហេតុ​ខាងលើ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន កែង​និង​ផ្លូវ​លេខ​១០៥ ក៏មាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX 400 ពណ៌​ត្រេអ៊ី ដែលមាន​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 01 .2.8024 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មិន​ព្រម​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​ដូចគ្នា ក៏បាន​បើក​ទៅបុក​គ្នា យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត ឡិច​ស៊ី​សរង​ការខូចខាត​ផ្នែក​ខាងស្តាំ​យ៉ាងដំណំ ដោយ​មិនទាន់​អស់​ល្បឿន រថយន្ត​ខាងលើ ក៏​ជ្រុល​ចង្កូត​បុក​ចូល​អាហា​ដ្ឋា​ន មយូ​រ៉ា​៣៦០ ធ្វើ​ឲ្យ​ទ្វារ​ជ​ញ្ចាំ​ង​មុខផ្ទះ រង​ការខូចខាត​ហើយ​និង​តុ​កៅអី​អស់​ជាច្រើន រួមទាំង​សំភារៈ​ផ្សេងៗ​ទៀតផង ចំណែក​រថយន្ត​សង្គ្រោះបន្ទាន់​ខាងលើ បាន​ផ្ងារជើង​មួយ​ចំហៀង បណ្តាល​ឲ្យ​មាន​មនុស្ស រងរបួស​ធ្ងន់ ២​នាក់ រីឯ​អ្នកបើកបរ​រថយន្ត ឡិច​ស៊ី​ស បាន​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរ​បាន​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំងសងខាង មក​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ លីន​ណា​