រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹកឈើ​រេ​ចង្កូត​បុក​ម៉ូតូ ស្លាប់​២​នាក់​នៅ​ព្រះវិហារ​

951
ចែករម្លែក

​ដោយ​: បាយ័ន / ព្រះវិហារ​: មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​បុរស​ទាំង​២​នាក់​ខាងលើ បាននាំគ្នា​ជិះ​ម៉ូតូ ដោយ​បើកបរ​បញ្ច្រាសទិស​គ្នា ជាមួយ​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹកឈើ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរន៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ឈានចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​អូរ​ផ្អាវ ភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​សែន​ជ័យ ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សែន​ជ័យ បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​បាននាំគ្នា​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ពី​ទិស​ត្បូង​ទៅ​ទិស​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹកឈើ បើកបរ​បញ្ច្រាសទិស​គ្នា បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ធ្លាក់​ផ្លូវស្លាប់​ទាំង​២​នាក់​ភ្លាមៗ​តែម្តង ។​

​សមត្ថកិច្ច​បាន​បន្តថា គ្រោះថ្នាក់​ចរាច​ណ៍​នេះ គឺ​បណ្តាលមកពី​តៃកុង​រថយន្ត​ងងុយដេក ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកឈើ និង​អ្នករួមដំណើរ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ប៉ុន្តែ​មិនត្រូវ​បាន​គេ​បញ្ជាក់ប្រាប់​ឈ្មោះ​ឡើយ​។​

​ជនរងគ្រោះ​ទាំង​២ ដែល​ស្លាប់​មានឈ្មោះ ថា​ម សុវណ្ណ​ធូ ភេទ​ប្រុស រស់នៅ​ភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​សែន​ជ័យ ខេត្តព្រះវិហារ និង​ម្នាក់ទៀត​ឈ្មោះ ចាន់ ហុក​សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ោង ឃុំ​តាំងក្រសាំង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ហើយ​បានធ្វើការ​វាស់វែង រួច​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សែន​ជ័យ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ច្បាប់​៕ ល​

#