រថយន្ត​សាមុយ​បង្អែក​ស្រុក​បាទី បុក​ជាមួយ​រថយន្ត​ដឹក​គ្រឿងសំណង់ ខ្ទេច​ទាំងសងខាង របួសធ្ងន់​ម្នាក់​

611
ចែករម្លែក
  • 524
    Shares

ដោយ​៖ សាវ​រក្ស / ភ្នំពេញ​៖ រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី បើកបរ​បំពាន​គន្លង​ចរាចរណ៍ ចូលមក​ចំណែក​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​ដឹក​គ្រឿងសំណង់ ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ខ្ទេច​ក្បាល​ខាងមុខ និង​បណ្តាល​ឲ្យ​ភាគី​ខាង​រថយន្ត​ដឹក​គ្រឿងសំណង់​ម្នាក់ រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​សំណង់​បុរី​ប៉េង​ហួត ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។

​យោងតាម​សាក្សី​ពី​កន្លែង​កើរ​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​12 .2-0500 ដែលជា​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស៊ិន វាសនា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​អ្នកបើករថយន្ត​សាមុយ ស្នាក់នៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ បាន​បើករថយន្ត​ដឹក​អ្នកជំងឺ​ចេញពី​ខេត្តតាកែវ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុងភ្នំពេញ ហើយក៏​បើករថយន្ត​តែម្នាក់ឯង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​បំណង​ត្រឡប់​ទៅវិញ លុះដល់​ចំណុចកើតហេតុ ដោយសារតែ​បើកបរ​ក្នុង​ល្បឿន​លឿន បូករួម​ទាំង​ការបើកបរ​បំពាន​ចំណែក​ផ្លូវ​ផង​នោះ ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ​ដឹក​គ្រឿងសំណង់ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6285 ដែល​កំពុង​បើកបរ​ដោយ​ឈ្មោះ ភួង ប៉ាក់​សេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រួម​ដំណើរ​ជាមួយ​ឈ្មោះ អែម ណាំហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នករួមដំណើរ​ក្នុង​រថយន្ត​ដឹក​គ្រឿងសំណង់​ឈ្មោះ អែម ណាំហុង រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ភាគី​រថយន្ត​សាមុយ​វិញ រងរបួស​ស្រាល ព្រោះ​បាន​ពោង​សុវត្ថិភាព​រថយន្ត​ផ្ទុះ គ្រាន់តែ​រង​ការខូចខាត​ទាំង​២​គ្រឿង​យ៉ាងដំណំ​តែម្តង​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌមានជ័យ បាន​ចុះមក​ធ្វើការ​សម្រួល​ចរាចរណ៍​ដល់​កន្លែងកើតហេតុ និង​បានប្រគល់​ករណីនេះ​ទៅ​ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង ដើម្បី​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​តាមច្បាប់​បន្តទៀត​៕ ល​