រថយន្ត​សាំ​យ៉ុង​បុក​រថយន្ត​ស៊ី​លីកា​រង​ការខូចខាត​ទាំងសងខាង សំណាង​គ្មាន​អ្នករបួស​

956
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​២​គ្រឿង​ជិះ​បញ្ច្រស​ទិសដៅ​គ្នា ដោយ​រថយន្ត​សាំ​យ៉ុង​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​ស៊ី​លីកា រង​ការខូចខាត​រថយន្ត​ទាំង​២​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។ កើតហេតុ​កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ស៊ី​លីកា ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2O-4579 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ដល់​ចំណុចកើតហេតុ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-6649 បើកបរ​ដោយ​បុរស​ម្នាក់​ដូចគ្នា​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ប​ញ្ជ្រា​សទិស​ដៅ​គ្នា ក្នុង​ល្បឿន​លឿន​ប្រហែល​គ្នា ក៏​រថយន្ត​សាំ​យ៉ុង​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​ស៊ី​លីកា បណ្តាល​ឲ្យ​រថយន្ត​ស៊ី​លីកា​រង​កា​ខូចខាត​ផ្នែក​ខាងឆ្វេង​រថយន្ត​យ៉ាងដំណំ រថយន្ត​សាំ​យ៉ុង​វិញ​រង​ការខូចខាត​ផ្នែក​ខាងស្តាំ​រថយន្ត​ធ្លាក់​កាង តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស ។​

​ក្រោយពេល​កើតហេតុ ភាគី​ទាំងសង្ខាង​ចរចា​គ្នា​មួយសន្ទុះ​ធំ ហើយ​ភាគី​ខាង​រថយន្ត​សាំ​យ៉ុង ព្រម​សង​សំណង​ទៅ​ភាគី​រថយន្ត​ស៊ី​លីកា​ចំនួន​២២០០$ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕