រថយន្ត​ស៊ិ​ន​ទ្រី​បើក​បុក​ម៉ូតូ​ច្រាសទិស​ស្លាប់​ម្នាក់​ភ្លាមៗ​នៅលើ​ផ្លូវ​៣៧១​​

507
ចែករម្លែក

ដោយ:សាវ​រក្ស/​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ទាំង​ព្រឹក​ព្រលឹម ខណៈដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ​ត្រូវបាន​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បើក​ច្រាសទិស​គ្នា​មក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៩ នៅលើ​ផ្លូវ​៣៧១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ជនរងគ្រោះ​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ឈ្មោះ តង សុភា​រម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​២៨០​បេ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។ ចំណែក​អ្នកបើកបរ​រថយន្ត​ស៊ិ​ន​ទ្រី​ឈ្មោះ ជន ឈុន​នី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរប​បើកបរ​រថយន្ត​ស៊ិ​ន​ទ្រី មាន​ទីលំនៅ ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវបាន​ឃាត់ខ្លួន។​

​បើតាម​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-1974 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី បើក​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា​ល្បឿន​លឿន មក​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ។​

​ករណី​ខាងលើ​កើតឡើង​ភ្លាមៗ ស្ថានភាព​ដងផ្លូវ ងាយ​ប្រឈម​នឹង​កកស្ទះ​ចរាចរណ៍​ផងដែរ​នោះ កម្លាំង​សមត្ថកិច្ច ចុះទៅ​អន្តរាគមន៍ ដើម្បី​សម្រួល​ចរាចរណ៍ និង​យក​រថយន្ត​បង្ក ម៉ូតូ​ជនរងគ្រោះ ដាក់​គៀន​ខាង រង់ចាំ​ជំនាញ​វាស់វែង​រួច​យក​រថយន្ត ម៉ូតូ​រួម​ជា​អ្នកបើក​បរផង ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​ក្រុងភ្នំពេញ ៕​B/