រថយន្ត​ស៊ីទែន​បុក​រថយន្ត​បែន​ក្រឡាប់​ផ្ងារជើង​រង​ការខូចខាត​គ្មាន​អ្នករងរបួស​

460
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​បែន​មួយគ្រឿង​ក្រឡាប់​ផ្ងារជើង រង​ខូចខាត តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស បន្ទាប់ពី​បើក​បុក​គ្នា​ជាមួយ​រថយន្ត​ស៊ីទែន​ដឹក​ស៊ីម៉ង់ត៍ ត្រង់ចំណុច​ផ្លូវ​កោង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​ទួល​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត នីសា​ន់​បែន ដឹក​ខ្សាច់ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1466 បើក​ពី​ត្បូង​ទៅ​ជើង ដល់​ចំណុច​ផ្លូវ​កោង ត្រូវបាន​រថយន្ត ហ៊ី​យ៉ាន់​ដាយ ពណ៌​ស សណ្តោង​ស៊ីទែន ដឹក​ស៊ីម៉ង់ត៍ បើក​ពី​ជើង​ទៅ​ត្បូង​ច្រាសទិស ល្បឿន​លឿន រេ​ចង្កូត​សរសៀរ​ចិញ្ចើម​បំណែក​ផ្លូវ​ម្ខាង​ទៀត មក​បុក​ចំពាក់​កណ្តាល​រថយន្ត​បែន រុញ​ក្រឡាប់​ផ្ងារជើង​រថយន្ត​បែន​តែម្តង បណ្តាល​ឲ្យ រង​ខូចខាត​ខ្ទេច​សងខាង តែ​សំណាងល្អ​គ្មាន​អ្នករងរបួស​។​

​ករណី​ខាងលើ ពុំ​បង្ក​ឲ្យ​របួស​ដល់​មនុស្ស​ឡើយ ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅ​សម្រួល​ចរាចរណ៍ និង​ប្រគល់​រថយន្ត​ទាំង​២​ខាងលើ​ទៅ​ផ្នែក​ជំនាញ ខណ្ឌ និង​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ ចុះទៅពិនិត្យ​ដល់​ចំណុចកើតហេតុ តែ​ត្រូវបាន​ភាគី​រថយន្ត​បង្ក រថយន្ត​ស៊ីទែន​ដឹក​ស៊ីម៉ង់ត៍ យល់ព្រម និង​ស្នើសុំ យក​រថយន្ត​រងគ្រោះ​ទៅ​ជួស​ជុស​ឲ្យ​វិញ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ ល​