រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ព្រ​លះ​គ្នាៈ​រង​ការខូចខាត​ទាំងសងខាង​

1229
ចែករម្លែក

​ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: រថយន្ត​ស៊េរី​ទំនើប ម៉ាក​ឡិច​ស៊ី​ស​៥៧០ បាន​បើក​បុក​ជាមួយ​រថយន្ដ​ម៉ា​ស្ដា ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទាំងសងខាង​។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូងគេ​បានឃើញ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស ពាក់​ស្លាក​លេខ 2AJ 5579 បើកបរ​ដោយ​ជនជាតិ​ចិន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ដ​​ម៉ាក ម៉ា​ស្ដា ពណ៌​ទឹកប្រាក់ ដែល​ពាក់​ស្លាក​លេខ 2Y 5922 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ដ​សញ្ញាណ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​បុក​រថយន្ដ​ឡិច​ស៊ី​ស​៥៧០ ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ម៉ា​ស្ដា​ផ្លោង​ខ្ទាត​ធ្លាក់​ប្រឡាយ និង​រង​ការខូចខាត​ទាំងសងខាង​។​

​ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បាន​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​រក ក្នុងនោះ​សម្ថ​កិច្ច​មូលដ្ឋាន​ក៏បាន​ជួយ​សម្របសម្រួល​ផងដែរ តែ​លទ្ធផល​មិនត្រូវ​គ្នា​ឡើយ​។

ដោយ​មិនអាច​សម្របសម្រួល​បាន សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់​ទៅ​មន្ត្រី​ចរាចរណ៍​ជំនាញ​ជើងគោក ដើម្បី​ចុះមក​វ៉ា​ស់វែង ដោយ​នាំយក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ល​/មន