រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range rover ពន្លះ​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រថយន្ត​ខូចខាត​យ៉ាងដំណំ​

172
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ជន​ជាតិចិន​មួយក្រុម​ធ្វើដំណើរ​ដោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range rover មួយគ្រឿង ហើយ​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ ធ្វើ​ឲ្យ​រថយន្ត​បង្ក​ដាច់​កា​ឡែក​ង់​មុខ និង​ខ្ទេច​កាង រង​ការខូចខាត​យ៉ាងដំណំ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​កាលពី​វេលា ម៉ោង​១២ និង ១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កែង​និង​ផ្លូវ​១៨២ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ និង​ឃើញ​ហេតុការណ៍នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​រថយន្ត​បង្ក​ស៊េរី​ទំនើប​ម៉ាក Range rover ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ​ភ្នំពេញ 2U-6299 បើកបរ​ដោយ​ជនជាតិ​ចិន រួម​ដំណើរ​ដោយ​ជនជាតិ​ចិនដូចគ្នា​មាន​ប្រុស​មាន​ស្រី​៥​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​មានការ​ធ្វេសប្រហែស ក៏​ជ្រុល​ទៅបុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​របាំង​ថ្ម​បាក់​អស់​១​កង់ រីឯ​រថយន្ត​បង្ក​បាន​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង រួមទាំង​ខ្ទេច​កាង​ហើយនឹង​ផ្ទុះ​ពោង បែក​កញ្ចក់​រង​ការខូចខាត​យ៉ាងដំណំ។ សំណាងល្អ​ដែរ ដែល​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស ឬក៏​ស្លាប់​នោះទេ​។​

ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនជាតិ​ចិន​ទាំង​នោះបាន​ព្យាយាម​គេចចេញ​ពី​កន្លែងកើតហេតុ​បាត់អស់ ដោយ​បន្សល់ទុក​រថយន្ត​បង្ក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅក្រោយ​៕​B/Ha