រថយន្ត​ឡង់​គ្រី​ស័​រ​ស្លា​ល​លេខ​ខេមរៈភូមិន្ទ បុក​រះ​រថយន្ត​បី​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​

457
ចែករម្លែក

ដោយ:ចាន់តូ​/ភ្នំពេញ​ ៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ លេខ​ខេមរៈភូមិន្ទ​មួយគ្រឿង ក្នុងស្ថានភាព​ស្រវឹង បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​បុក​រះ​រថយន្ត​បី​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។​

​ហេតុ​ការ​ណ៌​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ ទី​១ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨៩​ចំនុច​រង្វង់​មូល​ទួលគោក ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ​ ពណ៌​ត្រីអ៊ី​មួយគ្រឿង​ ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​.02-2-5449 ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដោយ​ស្ថានភាព​ស្រវឹង​ផង។ ខណៈ​មកដល់​ចំនុចកើតហេតុ​ខាងលើ​បាន រេ​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-2175 ចំហៀង​ខាងឆ្វេង​ខូចខាត​យ៉ាងដំណំ​ហើយ​រថយន្ត​បង្ក​បន្តទៅ បុក​រថយន្ត​មី​ស៊ុយ​មី​ស៊ី​មួយគ្រឿង​ទៀត​ពណ៌​សំ​ប៉ក​ឪឡឹក ពាក់​ស្លាក​លេខ​កំពត​2A-0882​បញ្ឆិត​ផ្នែក​ខាងមុខ​ខាងឆ្វេង រង​ការខូចខាត​និង​បណ្តាល​ឲ្យ​រថយន្ត​មី​ស៊ុយ​មី​ស៊ី រុញ​ទៅបុក​រថយន្ត មួយគ្រឿង​ម៉ាក​ហាយ​ប្រី​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2N-5565​ចំ​ផ្នែក​ខាងមុខ​រង​ការ​ខូច​យ៉ាងដំណំ​។ ​រថយន្ត​ទាំងបី​គ្រឿង​បើក​បញ្ច្រាស់​ទីដៅ​គ្នា​ពី​ត្បូង​ទៅ​ជើង​។​រីឯ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រងរបួស​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ បានឲ្យ​ភាគី​ខាង​រថយន្ត​បង្ក​សម្របសម្រួល​ជាមួយ​រថយន្ត​រងគ្រោះ​ ដោយ​ដោះស្រាយ​មិនត្រូវ​គ្នា​ទើប​សមត្ថកិច្ច​ទាក់ទង​ជំនាញ​មក​វាស់វែង​យក​រថយន្ត​ទាំង​៤​គ្រឿង​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៌​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕B/