រថយន្ត​ឡិច​ស៊ី​ស​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ​ក្រឡាប់​ផ្ងារជើង សំណាងល្អ​មិនមាន​អ្នករងរបួស​

249
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា ​បើករថយន្ត​ឡិច​ស៊ី​ស LX 470 បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​១​កង់ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ កាលពី​វេលា​ម៉ោង ១០​និង ២០​នាទី ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២៨៩ កែង​នឹង​ផ្លូវ​៦១៤ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី LX 470 មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AI 5526 បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​ប្រុស​ស្រី​បីនាក់​ទៀត ដែល​ទើបតែ​ចេញ​មកពី​កម្មវិធី​មួយកន្លែង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង លុះ​មកដល់​ចំណុច​កើតហេតុ ត្រង់​ផ្លូវបែក​ជា​បួន​នៅ​​ស្តុ​ប​ផ្សារ​ទួលគោក ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ គ្រាន់តែ​ខូចខាត​រថយន្ត​និង​ទ្រព្យសម្បត្តិ​រដ្ឋ​តែប៉ុណ្ណោះ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ ទាក់ទង​ទៅខាង​ជំនាញ​ចរាចរនៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha