រថយន្ត​ឡិច​ស៊ី​ស​ព្រលះ​រថយន្ត​ព្រូស​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​បណ្ដាល​រង​ការខូចខាត​យ៉ាងដំណំ​

280
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយគ្រឿង​បាន​បើ​ក​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ​នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។

ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៤៣ កែង​នឹង​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះគេ​ឃើញ​រថយន្ត​ម៉ាក តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2AY-1356 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៤៣ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​ល្មម។ ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​បួន ក៏មាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AS-8752 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧៨ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ត​ព្រូសចំ​ពី​ចំ​ហៀ​ង​ខាងស្ដាំ បណ្ដាល​ឲ្យ​ដាច់​កា​ឡែក​ង់​មុខ​ទៅមុខ​លែង​រួច ចំណែក​រថយន្ត​ឡិច​ស៊ីសរង​ការខូចខាត​កាង​ផ្នែក​ខាងមុខ ។​

​ក្រោយ​កើតហេតុ ភាគី​ទាំងសងខាង​បាន​ជជែក​រកតែ​ត្រូវ​រៀងៗ​ខ្លួន ចុងក្រោយ​ទើប​ភាគី​ទាំង​ពីរសម្រេច​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុកនៅការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕​B/Ha