រថយន្ត​អគ្គិសនី​ដំបូង​បំផុត​ម៉ាក Mini Electric

379
ចែករម្លែក

​រថយន្ត Mini Electric ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ដំបូង​បំផុត ត្រូវបាន​ដាក់ឱ្យ​ដំណើរការ និង​កំពុង​ត្រូវបាន​ផលិត​នៅ​ចក្រភព​អង់គ្លេស ពោលគឺ ៦០ ឆ្នាំ​គត់ បន្ទាប់ពី​រថយន្ត​ដំបូងបង្អស់​នៃ​ម៉ាក​មួយ​នេះ​បានធ្វើ​បដិវត្ត​រថយន្ត​តូចៗ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​អង់គ្លេស Mini ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន BMW របស់​អាល្លឺម៉ង់ សង្ឃឹមថា រថយន្ត​ម៉ាក Mini Electric ដើរ​ដោយ​ថាមពល​អាគុយ​ថ្មី​សន្លាង​នេះ​នឹង​ធ្វើឱ្យ​ទីផ្សារ​មាន​ភាពរស់រវើក​ដូច​រថយន្ត​ដំបូង​បំផុត​ដែរ ដែល​បាន​ក្លាយជា​និមិត្តរូប​រថយន្ត​តឿ​កាលពី ៦០ ឆ្នាំមុន​។​

​រថយន្ត Mini Electric នឹងត្រូវ​ផលិត​នៅ​រោងចក្រ Oxford ដូច​ពីមុន​ដដែល ខណៈ​រថយន្ត​តឿ​ទ្វារ​បី​មិន​បញ្ចេញ​ផ្សែង​ពុល​ដែលមាន​ដង​សម្រាប់​សណ្តោង​រទេះ​នៅ​ខាង​ក្រោយនេះ មានបំណង​បង្កើត​សង្គ្រាម​តម្លៃ​ប្រឆាំងនឹង​គូប្រជែង​របស់ខ្លួន ជាមួយនឹង​តម្លៃ​ចាប់ផ្តើម​គឺ​ក្រោម ២៥.០០០ ផោន (៣១.១៣៩ ដុល្លារ​) បន្ទាប់ពី​ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​ដែល​ទទួលបាន​ពី​អ្នក​បង់ពន្ធ គឺ ចំនួន ៣.៥០០ ផោន (៤.៣៦០ ដុល្លារ​)​។​

​ឈ្នាន់​ល្បឿន​ភ្ជាប់​មកជា​មួយ​រថយន្ត Mini Electric ថ្មី​នេះ​អាចធ្វើឱ្យ​វា​ស្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើពេល ៧,៣ វិនាទី និង​អាច​បើក​បាន​ល្បឿន​កប់ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​មាន​រយៈ​ចម្ងាយ​បើកបរ​បាន​ខ្ទង់ ២០០ ទៅ ២៣០ គីឡូម៉ែត្រ​ពេល​សាក​អាគុយ​ពេញ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Mini Electric ចាប់ផ្តើម​ដំណើរការ​ផលិត​ម្តងទៀត​នៅ​អង់គ្លេស
#