រថយន្ត​អគ្គិសនី I-Pace របស់​ក្រុមហ៊ុន Jaguar ទទួលបាន​ពានរង្វាន់​រថយន្ត​ឆ្នើម​ប្រចាំឆ្នាំ​

1177
ចែករម្លែក

​រថយន្ត​អគ្គិសនី​ម៉ាក I-Pace ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Jaguar ត្រូវបានតែងតាំង​ជា​រថយន្ត​ឆ្នើម​ប្រចាំឆ្នាំ​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ឧស្សាហកម្ម​រថយន្ត​ធំ​បំផុត ដែល​ក្នុងនោះ​គណៈកម្មការ​ដាក់ពិន្ទុ​បាន​ហៅ​វា​ថា​ជា​រាត្រី​ដ៏​អស្ចារ្យ​សម្រាប់​ចក្រភព​អង់គ្លេស​។​

​រថយន្ត​អគ្គិសនី​សម្រាប់​ប្រកួតប្រជែង​ជាមួយ​រថយន្ត​អគ្គិសនី​ប្រណីត​របស់​ក្រុមហ៊ុន​អាមេរិក Tesla នេះ​ក៏​ទទួលបាន​ពានរង្វាន់​រថយន្ត​អគ្គិសនី​ប្រភេទ​ថ្លៃ​ដ៏​ល្អឥតខ្ចោះ​ផងដែរ​នៅឯ​ពិធី​ប្រគល់​ពានរង្វាន់​ដែល​ធ្វើឡើង​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។​

​ខណៈដែល​ការដឹកជញ្ជូន​ឱ្យ​អតិថិជន​ជា​លើកដំបូង​បានចាប់ផ្តើម​នៅ​ខែ​នេះ គណៈកម្មការ​នៅឯ​ពិធី​ប្រគល់​ពានរង្វាន់ Auto Express Awards ប្រចាំឆ្នាំ​បាន​សរសើរ​រថយន្ត I-Pace របស់​ក្រុមហ៊ុន Jaguar សម្រាប់​ម៉ូត​ទាន់សម័យ ភាព​ទាក់ទាញ ផាសុកភាព គុណភាព និង​ថាមពល​អគ្គិសនី​ទាំងស្រុង​ពោរពេញ​ដោយ​ការច្នៃប្រឌិត​របស់​វា​។​

​រថយន្ត Jaguar កៅអី ៥ នេះ​មានតម្លៃ​ចាប់ពី ៥៨.៩៩៥ ផោន (៧០.៨០០ ដុល្លារ​) រួមជាមួយ​អាគុយ​សា​គួ​ផងដែរ​។

​វា​មាន​សន្ទុះ​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​ត្រឹម ៤,៥ វិនាទី អាច​បើក​ក្នុង​ល្បឿន​អតិបរមា ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បើក​បាន​ចម្ងាយ ៤៨២ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​អគ្គិសនី I-Pace