រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ត្រង់​ផ្លូវបែក​ជា​៤​ខ្ទេច​ទាំងសងខាង​

585
ចែករម្លែក

ដោយ : គ្រី សម្បត្តិ​/ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើប​២​គ្រឿង​បុក​គ្នា ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន បណ្ដាល​ឲ្យ​រថយន្ដ​មួយគ្រឿង​ក្រឡាប់​ផ្ងារជើង និង​មួយគ្រឿង​ទៀត​រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង១២ និង​៤០​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ស្ដុប ណាន ជី​ង តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ កែង​និង​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ រថយន្ដ​សេរី​ទំនើប​ម៉ាក​RangrRover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY- 3663 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៨ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ។ ខ​ណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ឆ្លង​ស្ដុប​ទាំង​មិន​បន្ថយល្បឿន ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-6117 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា ហើយក៏​បុក​រថយន្ត​ម៉ាក RangrRover​ពី​ចំហៀង​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​RangrRover ក្រឡាប់​២​ទៅ​៣​ត្រឡប់​រង​ការខូចខាត​យ៉ាងដំណំ ។ រីឯ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របា​ន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផងដែរ តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ ។​

ក្រោយ​កើតហេតុ ភាគី​រថយន្ត​ទាំង​២ បាន​ចេញពី​កន្លែងកើតហេតុ​ទុក​រថយន្ត​ចោល​រៀងៗ​ខ្លួន ។ បន្ទាប់​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​នេះ​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕​B