រថយន្ត​៣​គ្រឿង​បុក​គ្នា​នៅ​សែន​សុខ​រង​ការខូចខាត​

644
ចែករម្លែក

​ដោយ : ចាន់តូ​ / ភ្នំពេញ​ ៖ ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បុរស​ជនជាតិ​បរទេស វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅបុក រថយន្ត​មួយគ្រឿង​ពីក្រោយ​ពេញទំហឹង​និង​ជ្រុល​ទៅបុក​រថយន្ត​សិន​ទ្រី​ដែល​កំពុង​ឈប់​យក​សំរាម​បណ្តាលអោយ​រង​ការខូចខាត​ទាំងសង្ខាង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងមុខ​យាន្ត​ដ្ឋា​ន PAC តាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក 4RUNNER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2D-7681 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​បង្ក​មួយគ្រឿង​ទៀត​ម៉ាក BMW X6 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2P-2088 ដែល​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​មកពី​ក្រោយ ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ ​ក៏​ជ្រុល​ទៅបុក​រថយន្ត​រងគ្រោះ​ខាងលើ​ចំ​ពីក្រោយ​ពេញទំហឹង ​បង្ក​ឲ្យ​រថយន្ត​រងគ្រោះ​ជ្រុល​ទៅបុក​រថយន្ត​សិន​ទ្រី​មួយគ្រឿង​ទៀត​ដែល​កំពុង​ឈប់​យក​សំរាម​តាម​ចិញ្ចើមផ្លូវ​ បណ្តាលឲ្យ​រថយន្ត​រង​គ្រោះ​រង​ការខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ និង​ផ្នែ​ង​ខាងមុខ ខាងស្តាំ​នៃ​រថយន្ត​យ៉ាងដំណំ​។ ចំណែកឯ​រថយន្ត​បង្ក​រង​ការខូចខាត​ក្រពឹត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ដោយឡែក​រថយន្ត​សិន​ទ្រី​មិន​ឈប់​នៅ​កន្លែងកើតហេតុ​នោះទេ គឺ​បាន​បន្តដំណើរ​ទៅខាង​មុខ​បាត់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕​B