រថយន្ត​៤៥​កៅអី​បុក​ម៉ូតូឆ្លងផ្លូវបណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅ​ស្រុក​ពួក​

684

ដោយៈ​គូលែន​/​សៀមរាបៈ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ប្រភេទ​រថយន្តក្រុង​៤៥​កៅអី​បុក​នឹង​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​បណ្តាល​ឲ្យ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជា​៦​យប់ ថ្ងៃទី​១០ ខែមេសា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។​

ជនរងគ្រោះ

​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា រថយន្ត​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​រថយន្តក្រុង​៤៥​កៅអី ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប ៣A-១៤៨១ បើកបរ​ដោយ​ឈ្មោះ សែម អិត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​គោកធ្លក​១​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទ បាគង​ខេត្តសៀមរាប​បាន​បើកបរ​ពី​ទិស​លិច​មក​ទិស​កើត​។ ចំណែក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១ i ១១០៥ បាន​បើក​ឆ្លងកាត់​ផ្លូវ​។​ពេល​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ស្របគ្នា​ដែល​រថយន្ត​ធំ​នោះ​មកដល់ ក៏​បុក​យ៉ាង​ពេញទំហឹង​តែម្តង​បណ្តាល​ឲ្យ​ម៉ូតូ​បណ្តាល​ឲ្យ​ស្ត្រី​អ្នក​បើ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

ជនរងគ្រោះ​ឈ្មោះ ស ដឿ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​ហើយ​វាស់វែង​រួច​បាន​យក​វត្ថុតាង​មាន​ម៉ូតូ​និង​រថយន្ត យកទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕មន