រថយន្ត កៀរ​ម៉ូតូ​បុរស​ម្នាក់ ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម

732
ចែករម្លែក

កណ្តាល​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​បើក​ម៉ូតូ​តាមផ្លូវ ត្រូវ​រថយន្ត​មួយគ្រឿង វ៉ា និង​កៀ ម៉ូតូ​របស់គាត់ បណ្តាលឱ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ទី​៣ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវ​លេខ​២១ ស្ថិតក្នុង​ភូមិ​ព្រែក​តវ៉ា ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល​។

​សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ឹង ហុង​លី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​មុខរប​រៈ​កសិករ (​មិន​ពាក់មួក​)​មាន​ទីលំនៅ​ភូមិ​ព្រែក​អ៊ុង​ប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក ហុងដា​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្តាល 1A-2773 ។ រីឯ​រថយន្ត​បង្ក​ម៉ាក គា (KIA) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-4410 អ្នកបើករ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​) ។​

សមត្ថកិច្ច​បន្ថែមថា មុនពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​២១ មាន​ទិសដៅ​ពី ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ បាន​បើក​វ៉ា​ម៉ូតូ​ជនរងគ្រោះ ហើយ​កៀ​ធ្វើឱ្យ​ដួល​ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​តែម្ដង ។​

​ក្រោយ​កើតហេតុ ជំនាញ​ចរាចរណ៍ បាន​ចុះទៅ​ធ្វើការ​វាស់វែង រួច​ដឹក​មធ្យោបាយ​ពាក់ព័ន្ធ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។ រីឯ​សាកសព​សមត្ថកិច្ច បានប្រគល់​អោយ​ក្រុមគ្រួសារ​បាន​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ ។

​សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ គឺ​បង្ករ​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត បើក​ប្រជែង​វ៉ា​ម៉ូតូ ដោយ​ធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្ដាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៕ ដោយ​៖ សុផាន់

#