រថយន្ត Aston Martin របស់លោក​ដា​នី​ញែ​ល ក្រេ​ក ឡើងដល់ ៤៦៨.៥០០ ដុល្លារ​ក្នុង​ការលក់​ដេញថ្លៃ​នៅ​ញូវយ៉ក

495

​រថយន្ត Aston Martin របស់លោក ដា​នី​ញែ​ល ក្រេ​ក តារា​សម្តែង​ក្នុង​រឿង James Bond ដែលមាន​ស្លាក​លេខ ០០៧ ត្រូវបាន​លក់​ដេញថ្លៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា​ក្នុងតម្លៃ ៤៦៨.៥០០ ដុល្លារ​។​

​ក្រុមហ៊ុន​លក់​ដេញថ្លៃ Christie’s ដែល​ប្រកាស​ពី​លទ្ធផល​នៃ​ការលក់​ដេញថ្លៃ​នេះ បាន​ប៉ាន់ប្រមាណ​ថា រថយន្ត​ពណ៌​ខៀវ​ស៊េរី Centenary Edition Vanquish ឆ្នាំ ២០១៤ នេះ នឹង​លក់បាន​ពី ៤០០.០០០ ទៅ ៦០០.០០០ ដុល្លារ​។​

​ប្រាក់ចំណូល​ទាំង​អស់ពី​ការលក់​ដេញថ្លៃ​នេះ​នឹង​ផ្តល់​ឱ្យទៅ​អង្គការ The Opportunity Network ដែលជា​អង្គការ​សប្បុរសធម៌​ជួយ​ឱ្យ​យុវជន​គ្មាន​ការងារ​ធ្វើ អភិវឌ្ឍ​អាជីព​របស់​ពួកគេ​។ ទាំង​លោក ក្រេ​ក និង ប្រពន្ធ​របស់គាត់​ឈ្មោះ រ៉ា​ឆែ​ល វ៉េ​ស ជា​សមាជិក​នៅ​ក្រុមប្រឹក្សា​របស់​អង្គការ​នេះ​។​

​លោក ក្រេ​ក បានបង្ហាញ​មុខ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​អំឡុងពេល​ដាក់លក់​ដេញថ្លៃ ដោយបាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Christie’s ដើម្បី​លើកទឹកចិត្ត​អតិថិជន​ឱ្យ​ដេញថ្លៃ​ខ្ពស់​។​

​រថយន្ត ដែលមាន​ល្បឿន​អតិបរមា ២៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ គឺជា​ផ្នែក​មួយ​នៃ​ស៊េរី​រថយន្ត​ត្រឹមតែ ១០០ គ្រឿង​ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន Aston Martin បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​អបអរ​ខួប​លើក​ទី ១០០ របស់​ក្រុមហ៊ុន​នេះ​។​

​រថយន្ត​នេះ​ត្រូវបាន​បង្កើតឡើង​ពី​តួ​អាលុយមីញ៉ូម​ស្រាល និង ផ្នែក​ខាងក្រៅ​ផលិត​ពី​កា​បោ​ន​ហ្វា​យ​បឺ​។ ផ្ទៃ​ខាងក្នុង​ដែល​ធ្វើ​ដោយ​ដៃ រួមមាន ស្បែក​ប្រណីត សរសៃ​កាបូន និង​អាលុយមីញ៉ូម​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Aston Martin របស់លោក​ដា​នី​ញែ​ល ក្រេ​ក ឡើងដល់ ៤៦៨.៥០០ ដុល្លារ​ក្នុង​ការលក់​ដេញថ្លៃ​នៅ​ញូវយ៉ក​កាលពី​ថ្ងៃ​សុក្រ