រថយន្ត CRV បើក​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​រ៉េ​ចង្កូត​បុក​ចូល​ហាង​ម៉ាស្សា​, បុរស​២​នាក់​រងរបួស​

1063
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: រថយន្ត CRV មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​មិនបាន​ប្រយ័ត្ន ជ្រុល​ទៅបុក​ចំ​គូទ​រថយន្ត​ឡិច​ស៊ី​ស RX ៣០០ បណ្តាល​ឲ្យ​រថយន្ត​លុច​ស៊ី​ស​រ៉េ​ចង្កូត​ទៅបុក​ជញ្ជាំង​ហាង​ម៉ាស្សា​យីហោ “​ហ្វេ​ប្ស៊ុ​ឡឹស​” ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង រង​ការខូចខាត និង​បុរស​២​ក្នុង​រថយន្ត​ឡិច​ស៊ី​សរង​បួស​ធ្ងន់ និង​ស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរ​ចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​០១​និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​ចំណុច​ហាង​ម៉ាស្សា ហ្វេ​ប្ស៊ុ​ឡឹស តាម​បណ្តោយ​ផ្លូវ ៣១០ កែង​ផ្លូវ ៦៣ ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក CRV មួយគ្រឿង ពណ៌​ទឹក​បិ​ច មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​ជនជាតិ​បរទេស ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ផ្លូវបំបែក​ជា​បួន​មិន​បង្អន់ល្បឿន ស្រាប់​តែមាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX-៣00 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8103 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣១០ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា ហើយក៏​ត្រូវបាន​រថយន្ត​CRV​បុក​ចំ​គូទ​រថយន្ត​ឡិច​ស៊ី​ស បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​រ៉េ​ចង្កូត​ទៅបុក​ចូល​ហាង​ម៉ាស្សា ហ្វេ​ស​ប្ស៊ុ​ឡឹស បណ្តាល​ឲ្យ​បែក​កញ្ចក់ និង​ជញ្ជាំង​រង​ការខូចខាត​យ៉ាងដំណំ រីឯ​រថយន្ត​ឡិច​ស៊ី​ស​វិញ ក៏​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង ដោយបាន​ផ្ទុះ​ពោង​សុវត្ថិភាព​ចំនួន​២ រួមទាំង​បង្ក​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់​ស្រាល​ទាំង​២​នាក់​។ ភ្លាមៗ​នោះ រថយន្ត​បង្ក​ម៉ាក CRV បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្ដង​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ភាគី​ខាង​ល​រថយន្ត​ឡិច​ស៊ី​ស​ដែល​របួសធ្ងន់​ស្រាល ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។ បន្ទាប់មក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ដោយសារតែ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​ស មិន​នៅ​កន្លែងកើតហេតុ ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ក្រោយ​៕ ល​