រថយន្ត Hyundai SantaFe ឆ្នាំ​២០១៩ ជា​រថយន្ត​ទំនើប​ចុងក្រោយ​គេ បង្ហាញ​វត្ត​មាននៅ​កម្ពុជា​

2039
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: រថយន្ត​ប្រភេទ​ដ៏​ទំនើប​និង​ប្រកបដោយ​បច្ចេកវិទ្យា​ជឿនលឿន​ចុងក្រោយ​គេ​គឺ​ម៉ា​ក្យ​រថយន្ត Hyundai SantaFe ឆ្នាំ​2019​ដែល​មិន​ធ្លាប់មាន​កាលពីមុន​មក​ត្រូវ​បានដាក់​បង្ហាញខ្លួន​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​រថយន្ត Hyundai SantaFe ឆ្នាំ​2019 ជា​ដែលជា​ប្រភេទ​រថយន្ត​ទំនើប​ចុងក្រោយ​គេ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨

​វត្តមាន​រថយន្ត​ថ្មី​ចុងក្រោយ​គេ​នេះ​ត្រូវបាន​ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេ​ម​កូ ម៉ូ​ធ័​រ (Hyundai Camko Motor)​បានដាក់​បង្ហាញ​ដល់​មហាជន​បានឃើញ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ នា​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​កាលពី​ព្រលប់​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​កន្លងមក​។​

​លោក​ប្រាយ អ៊ែន ខូ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hyundai Camko Motor បានបញ្ជាក់​ប្រាប់​បណ្តាញ​សារពត៌មាន​ឱ្យ ដឹងថា “​ការ​រចនា​ដ៏​ប្រណីត នៃ​ផ្នែក​ខាងក្រៅ ផ្ទៃ​ខាងក្នុង រួម​ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប ដែល​តែងតែ​ជា ស្តង់ដារ​នៃ​រថយន្ដ Santa Fe ឥឡូវនេះ យើង​មាន​សេចក្តី​រីករាយ​ណាស់​ក្នុង​ការបើក​បង្ហាញ​ជា​ផ្លូវការ រថយន្ដ​ជំនា​ន់ទី 4 របស់ Santa Fe នៅក្នុង​ប្រទេស​កម្ពុជា​។ ភាពជោគជ័យ​ការ​រចនា​ថ្មី​នៃ​រថយន្ដ​ហ៊ីយ៉ាន់ដាយ Santa Fe ជំនា​ន់ទី ៤ គឺមាន​រួមបញ្ចូល​ទាំង​ការ​ការ​រចនា​ខុសប្លែក​ពី​ម៉ូ​ឌែ​ល​មុន​ទាំង​ផ្នែក​ខាងក្រៅ ផ្ទៃ​ខាងក្នុង ជាមួយនឹង លក្ខណៈ បច្ចេកវិជ្ជា Smart Sense ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន Hyundai ដែល​នាំមក​នូវ​រថយន្ត បែប​លក្ខណៈ​គ្រួសារ​ស៊េរី​ថ្មី​បំផុត​”​។​

​លោក​បាន​បញ្ចាក់​ឱ្យដឹងថា “​រថយន្ដ​ហ៊ីយ៉ាន់ដាយ The All New Santa Fe ស៊េរី​ឆ្នាំ 2019 បានឈ្នះ​ពានរង្វាន់​សុវត្ថិភាព Top Safety ឆ្នាំ 2018” ដែល​នេះ គឺជា​ពានរង្វាន់ សុវត្ថិភាព​ខ្ពស់បំផុត​ពី​វិទ្យាស្ថាន​ធានារ៉ាប់រង​សម្រាប់​សុវត្ថិភាព​ផ្លូវ​ហាយវ៉េ (IIHS)​។ ជាមួយគ្នា រថយន្ដ SantaFe ស៊េរី​ឆ្នាំ 2019 ក៏មាន​បំពាក់​លក្ខណៈពិសេស​ដំបូងបង្អស់ របស់​ពិភពលោក គឺ ប្រព័ន្ធ Rear Occupant Alert ដែលជា​ប្រព័ន្ធ​ត្រួតពិនិត្យ​កៅអី​ខាងក្រោយ​ដោយ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​និង​ឲ្យ​ដំណឹង​ជា​សំឡេង នៅពេលដែល​រកឃើញថា​នៅមាន​កុមារ​ឬ​សត្វ​ចិញ្ចឹម​នៅក្នុង​រថយន្ដ​នៅឡើយ​ខណៈ ដែល​អ្នកបើក​បរបាន​ចាក​ចេញពី​រថយន្ដ​ហើយ​នោះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​កូនក្មេង ឬក៏​សត្វ​ចិញ្ចឹម​ជាយថាហេតុ​។

​លើសពីនេះទៅទៀត​ទាំង​អ្នកបើកបរ និង​អ្នកដំណើរ​នឹងមាន​ឱកាស​រីករាយ​ជាមួយ​ភាពងាយស្រួល​បំផុត​ដូចជា​ឧបករណ៍​សាក​ទូរស័ព្ទ​ឥត​ខ្សែ (Wireless Charger) កៅអី​ខ្យល់​ក្ដៅ និង​ត្រជាក់ រួមជាមួយ អេក្រង់​ថាច់​ស្គ្រី​ន​អណ្ដែត ទំហំ 7 អ៊ីង ភ្ជាប់​មក​ជាមួយនឹង​ក​ម្ម​វិធី​កម្សាន្ត កម្មវិធី Apple CarPlay ឬ Android Auto ផងដែរ​។ ចុងក្រោយបង្អស់​វា​រួមបញ្ចូល​ជាមួយនឹង​កា​ម៉េ​រា​មើល​ជុំវិញ​រថយន្ដ រ​បង្ហាញ​ទិដ្ឋភាព 360 ដឺ​ក្រេ​ដែល​អាចជួយ​ឱ្យ​អ្នកបើកបរ​ងាយស្រួល​ក្នុង​ការចត ឬ​បើ​កនៅ​កន្លែង​ចង្អៀត ដើម្បី​ចៀសវាង​ការប៉ះទង្គិច​ណាមួយ​ឡើង​។​

​បើតាម​លោក ប្រាយ អ៊ែន ខូ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hyundai Camko Motor រថយន្ដ​ហ៊ីយ៉ាន់ដាយ The All New Santa Fe 2019 បំពាក់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.2L ជាមួយ​កម្លាំង 200 សេះ មាន​ចង្កឹះ​លេខ 8 វគ្គ ជួយ​កាត់បន្ថយ​ការ​ស៊ីប្រេង​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ប្រព័ន្ធ HTRAC ត្រូវបាន​បំពាក់​ដើម្បី​តាមដាន​ល្បឿន​រថយន្ត​និង​ស្ថានភាព​ផ្លូវ ផ្តល់នូវ​ការអូសទាញ នៅពេល​ចាំបាច់​ដូចជា​បើកបរ​នៅលើ​ផ្លូវ​កោង ឬ​រអិល ដើម្បី​ធានា​សុវត្ថិភាព​នៅពេល​បើកប​រ​យ៉ាង​មាន​ប្រសិទ្ធិភាព​៕