រថយន្ត Lexus RC ឆ្នាំ ២០១៩ បង្ហាញខ្លួន​នៅ​ទីក្រុង​ប៉ារីស ជាមួយ​រូបរាង​ឡូយ​អស់ទាស់​!

1177
ចែករម្លែក

​រថយន្ត Lexus RC គឺជា​ជម្រើស​ស័ក្ដិសម​មួយ​នៅក្នុង​ផ្នែក​រថយន្ត​ប្រណីត​ទើប​ចូល​ទីផ្សារ​ដំបូង​។ វា​រួមបញ្ចូល​គ្នា​នូវ​គុណភាព​ផលិត​ដ៏​ល្អ​ជាមួយនឹង​សមត្ថភាព​ជារួម​ដ៏​ខ្លាំងក្លា ទោះបីជា​វា​មិនមាន​កម្រិត​ខ្លាំង​ដូចគ្នា​ទៅនឹង​គូប្រជែង​អាល្លឺម៉ង់​របស់​វា​ក៏ដោយ​។​

​បន្ទាប់ពី​ណែនាំ​លើ​ទីផ្សារ​ដំបូង​ក្នុង​ឆ្នាំ ២០១៥ រថយន្ត RC ឥឡូវ​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​វដ្ត​ជីវិត​របស់​វា ហើយ​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ទាន់សម័យ​ដើម្បី​រក្សា​រូបរាង​របស់​វា​ឱ្យ​មើលទៅ​ឡូយ​អស្ចារ្យ​និង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅពេល​ឈាន​ចូលដល់​ឆ្នាំ ២០១៩​។ រថយន្ត​ថ្មី​ទំនើប​នេះ បានបង្ហាញ​ខ្លួន​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅក្នុង​ពិព័រណ៍​រថយន្ត​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៨ ហើយនឹង​មាននៅ​ក្នុង​បន្ទប់​តាំង​បង្ហាញ នៅ​ខែវិច្ឆិកា​ខាងមុខ ជាមួយនឹង​តម្លៃ​ចាប់ពី ៤១.១៤៥ ដុល្លារ​។​

​ការផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​គឺ​ការច្នៃប្រឌិត​នៃ​ចង្កៀង​មុខ ដែល​ឥឡូវនេះ​ត្រូវបាន​យក​គំរូ​តាម​ចង្កៀង​របស់​រថយន្ត Lexus ម៉ូ​ដែល LC ដែល​ចង្កៀង​បំភ្លឺ​ពេល​ថ្ងៃ (​ឌឺ​មី​) ត្រូវបាន​ដាក់បញ្ចូល​ជាមួយ​ចង្កោម​ចង្កៀង​ធំ​តែម្តង​។ សំណាញ់​ក្រឡាចត្រង្គ​ត្រូវបាន​កែលម្អ​ហើយ​បំពង់ខ្យល់​ថ្មី​ត្រូវបាន​បន្ថែម​នៅ​ចុង​ទាំងសងខាង​នៃ​រថយន្ត​ដើម្បី​ធ្វើឱ្យ​សន្ទុះ​ល្បឿន​មាន​ភាពល្អ​ប្រសើរឡើង​។ ពណ៌​ថ្មី​និង​លំនាំ​កង់​ថ្មី​ក៏ត្រូវ​បាន​បន្ថែម​ទៅក្នុង​បញ្ជី​នៃ​ជម្រើស​រថយន្ត​ម៉ូ​ដែល​ប្រភេទ​នេះ​ជាច្រើន​ផងដែរ ជាមួយ​រថយន្ត Lexus RC ប្រភេទ F Sport មាន​ប្រដឹស​របាំងមុខ​ផ្ទាល់ខ្លួន​របស់​វា និង​ម៉ូត​កង់​ថ្មី​ទំហំ ១៩ អ៊ី​ញ​។​

​នៅ​ផ្នែក​ខាងក្នុង ការផ្តោត​អារម្មណ៍​គឺ​ការ​សម្ភារៈ​ល្អប្រសើរ​ជាង​មុន និង​ការ​រចនា​ម៉ូត​ប្រព័ន្ធគ្រប់គ្រង​បញ្ជា និង កុង​ទ័​រ​។ ក្នុងចំណោម​ការផ្លាស់ប្តូ​រទាំង​នោះ គឺ​ការបន្ថែម​សញ្ញា​ប៊ូ​តុង​ពណ៌​ប្រផេះ​លើ​បន្ទះ​អេក្រង់​សម្រាប់​ប្តូរ​សីតុណ្ហភាព និង​បន្ទះ​អេក្រង់​ប្តូរ​សំឡេង ខណៈដែល​ចន្លោះ​សម្រាប់​ដាក់​ជង្គង់​ត្រូវបាន​លើក​ឱ្យ​ខ្ពស់ជាង​មុន​ដើម្បី​បង្កើត​អារម្មណ៍​ធំ​ទូលាយ​។ ប្រព័ន្ធ​កម្សាន្ត​ឥឡូវនេះ​គឺ​ត្រូវ​គ្នា​ជាមួយ Apple CarPlay និង Amazon Alexa ប៉ុន្តែ​នៅតែ​មិនត្រូវ​ជាមួយ Android Auto​។​

​ខណៈដែល​គ្មាន​កម្លាំង​សេះ​បន្ថែមទៀត​សម្រាប់​រថយន្ត​ម៉ូ​ដែល​ឆ្នាំ ២០១៩​នេះ ពួក​វិស្វករ​បាន​កែប្រែ​ល្បឿន​អូ​តូ ៨ លេខ​ឱ្យ​ប្រសើរ​ជាង​មុន ហើយ​ក្នុងករណី​រថយន្ត RC 300 ម៉ូ​ដែល Base ម៉ាស៊ីន 2.0 លីត្រ Turbocharged ស៊ីឡាំង​៤ ពួក​វិស្វករ​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​ការឆ្លើយតប​របស់​ច្រ​ប៉ាប់​ម៉ាស៊ីន​និង​កម្លាំង​អូស​។​

​រថយន្ត RC 300 ផ្តល់នូវ​ម៉ាស៊ីន​កម្លាំង ២៤១ សេះ​និង​កម្លាំង​បង្វិល​ជុំ ២៦៨ ផោន​ក្នុង​មួយ​ហ្វី​ត​។ រថយន្ត RC 300 ប្រភេទ AWD ផ្តល់នូវ​ម៉ាស៊ីន​កម្លាំង ២៦០ សេះ និង កម្លាំង​បង្វិល​ជុំ ២៣៦ ផោន​ក្នុង​មួយ​ហ្វី​ត ដែល​ផលិត​ដោយ​ម៉ាស៊ីន V-6 ចំណុះ 3.5 លីត្រ​។ រថយន្ត RC 350 និង RC 350 ប្រភេទ AWD ទាំងពីរ​បំពាក់​ដោយ​ម៉ាស៊ីន V-6 ចំណុះ 3.5 លីត្រ ដែលមាន​កម្លាំង ៣១១ សេះ​និង កម្លាំង​បង្វិល​ជុំ ២៨០ ផោន​ក្នុង​មួយ​ហ្វី​ត​៕ ដោយ៖ កញ្ញាដាលីស

2018.07.27

រថយន្ត Lexus RC ឆ្នាំ ២០១៩ បង្ហាញខ្លួន​នៅ​ទីក្រុង​ប៉ារីស