រថយន្ត Rolls-Royce Phantom ម៉ូ​ដែល​ថ្មី​

473

(ភ្នំពេញ)៖ ចាប់តាំងពី​បង្ហាញខ្លួន​លើកដំបូង​នៅ​ឆ្នាំ ១៩២៥ រថយន្ត Rolls-Royce Phantom ជា​ជម្រើស​របស់​សុភាពបុរស និង​សុភាពនារី​ដែលមាន​ឥទ្ធិពល និង​មានអំណាច​បំផុត​របស់​ពិភពលោក ដូច្នេះហើយ​រថយន្ត​នេះ​តែងមាន​វត្តមាន​ជាប្រចាំ​នៅក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នានា ។

​ខណៈដែល​រថយន្ត Rolls-Royce បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់ខ្លួន ម៉ូ​ដែល Phantom ថ្មី ចង្អុលបង្ហាញ​ផ្លូវ​ទៅមុខ​សម្រាប់​ឧស្សាហកម្ម​ទំនិញ​ប្រណីត​សកលលោក ។ នោះ​គឺ​ការបង្កើត​នូវ​សម្រស់ និង​ថាមពល​ដ៏​អស្ចារ្យ ដែលជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ និង​សមិទ្ធិផល​របស់​មនុស្ស ។ នោះ​គឺជា​និមិត្តរូប និង​ជា​ស្នាដៃ​សិល្បៈ​ដែល​ទ្រទ្រង់​ដល់​សេចក្តីប្រាថ្នា​ផ្ទាល់ខ្លួន​របស់​អតិថិជន​ម្នាក់ៗ​របស់​យើង ។

​និយាម​ការ​ថ្មី​នឹង​ត្រូវបាន​បង្កើតឡើង​បន្ថែមទៀត នៅពេលដែល​រថយន្ត Phantom ថ្មី ដែលជា​ជំនា​ន់ទី ៨ នៃ​ម៉ូ​ដែល​នេះ បង្ហាញខ្លួន​ជា​សាធារណៈ ។ ដើម្បី​ជាការ​សម្ពោធ​រថយន្ត​សែស្រលាយ Phantom ដែលមាន​ការ​រចនា​ទំនើប​ទាន់សម័យ​ទាំងស្រុង និង​មាន​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ក្រុមហ៊ុន​រថយន្ត Rolls-Royce បានធ្វើ​ប​ដិ​វដ្ដន៍​ឧស្សាហកម្ម​រថយន្ត​ប្រណីត​ដោយ​ខ្លួនឯង ដោយបាន​ចាកចេញ​ពី​ទម្លាប់​បច្ចុប្បន្ន​ដែល​ប្រើប្រាស់​មូលដ្ឋាន​ផលិត​គ្រឿង​រួម ហើយ​ចាប់យក​គំរូ​អាជីវកម្ម​ប្រណីត​ថ្មី​ទាំងស្រុង ។

​ខណៈដែល​ទំព័រ​បន្ទាប់​នៃ​ដំណើររឿង​រថយន្ត Rolls-Royce ចាប់ផ្ដើម​បើក រថយន្ត Rolls-Royce ម៉ូ​ដែល Phantom ថ្មី​ចង្អុល​បង្ហាញផ្លូវ​ទៅមុខ​សម្រាប់​ឧស្សាហកម្ម​ទំនិញ​ប្រណីត​របស់​សកលលោក ។​

​លោក Peter Schwarzenbauer ប្រធាន​ក្រុមហ៊ុន​រថយន្ត Rolls-Royce និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន BMW បាន​មានប្រសាសន៍ថា​៖ “​នៅពេល​មានការ​បង្ហាញ​រថយន្ត Rolls-Royce ថ្មី​ទូទាំង​សកលលោក វា​តែងតែ​ជា​ពេលវេលា​ពិសេស​នៅក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន BMW ។ ឱកាស​ដ៏​ពិសេស​នេះ គឺ​កាន់តែ​ពិសេស​ថែមទៀត ពីព្រោះ​យើង​កំពុង​បង្ហាញ​ជា​សាធារណៈ​នូវ​រថយន្ត​ម៉ូ​ដែល Phantom ថ្មី​សន្លាង ដែលជា​ម៉ូ​ដែល​ចម្បង​របស់​ម៉ាក​យីហោ Rolls-Royce និង​ជា​ផលិតផល​ប្រណីត​បំផុត​របស់​ពិភពលោក ។ ម៉ូ​ដេ​ល Phantom ថ្មី គឺជា​តឹកតាង​ដ៏​រឹងមាំ​បង្ហាញ​អំពី​ជំនាញ​ក្នុងការ​រចនា វិស្វកម្ម និង​ផ្នែក Bespoke ហើយ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ចំពោះ​ប្រតិកម្ម​តប​ដែល​យើង​ទទួលបាន​ពី​អតិថិជន​ជាច្រើន​ទូទាំង​ពិភពលោក ។ សម្ព័ន្ធ​ក្រុមហ៊ុន BMW នៅតែ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​អនាគត​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars ហើយ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល​កើតចេញពី​ម៉ាក​យីហោ​នេះ ចាប់តាំងពី​យើង​បាន​ទិញយក​ម៉ាក​យីហោ​នេះ​មក​” ។​

​ហ្ស៊ែ​ន​របស់​ម៉ូ​ដែល Phantomថ្មី ផ្ទុយ​ពីអ្វី​ដែល​ក្រុមហ៊ុន​ផលិត​វត្ថុ​ប្រណីត​ផ្សេងទៀត កំពុង​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​សេដ្ឋកិច្ច​មាត្រដ្ឋាន តាមរយៈ​ការប្រើប្រាស់​នូវ​មូលដ្ឋាន​ផលិត​គ្រឿង​រួម​ជាមួយនឹង​ក្រុមហ៊ុន ដែល​ផលិត​ក្នុង​ចំនួន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ រថយន្ត Rolls-Royce សន្និដ្ឋានថា អនាគត​នៃ​ប្រណីតភាព​ពិតៗ គឺ​ស្ថិតនៅលើ​ការផលិត​ក្នុង​ចំនួន​តិច​ពិតៗ តាមរយៈ “​ស្ថាបត្យកម្ម​នៃ​ប្រណីតភាព​” ។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បាន​បញ្ជាក់ថា​៖ “​នេះ​ជា​ពេលវេលា​ដែល​បង្ហាញ​ឲ្យ​ឃើញច្បាស់​អំពី​វាសនា​របស់​រថយន្ត Rolls-Royce ។ អតិថិជន​របស់​យើង​ម្នាក់ៗ ដែលជា​អ្នកគាំទ្រ​ទំនិញ​ប្រណីត​ក្រៃលែង បាន​សួរ​មក​ខ្ញុំ​អំពី​ទំនិញ​ដែលមាន​លក្ខណៈ​កាន់តែ​បុគ្គល​ជាង​មុន​សម្រាប់​ពួកគេ ។ ខ្ញុំ​ប្ដេជ្ញា​ថា នេះ​ជាការ​ទាមទារ​ដែល​យើង​ត្រូវបំពេញ​ឲ្យ​បាន​” ។​

​លោក Philip Koehn នាយក​ផ្នែក​វិស្វកម្ម បាន​ថ្លែងថា​៖ “​គន្លឹះ​ដែល Rolls-Royce សម្រេចបាន​នូវ​ចក្ខុវិស័យ​ក្នុងនាម​ជា​ម៉ាក​យីហោ​ប្រណីត​ឈានមុខ​គេ​របស់​ពិភពលោក នៅថ្ងៃនេះ ក៏ដូចជា​ទៅ​ថ្ងៃ​អនាគត គឺ​ស្ថាបត្យកម្ម​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​វង្ស​ត្រកូល​របស់​រថយន្ត Rolls-Royce ទាំងមូល ។ ស្ថាបត្យកម្ម​នៃ​ប្រណីតភាព នឹង​ទ្រទ្រង់​រាល់​រថយន្ត Rolls-Royce នាពេល​អនាគត​ទាំងអស់ មិនមែន​ត្រឹមតែ​ម៉ូ​ដែល Phantom ថ្មី​នេះ​ទេ ។ រថយន្ត Project Cullinan និង​ម៉ូ​ដែល Ghost, Wraith និង Dawn ក្រោយៗ នឹងមាន​ដំណើរការ​ដោយ​ផ្អែកលើ​ស្ថាបត្យកម្ម​នេះ ក៏ដូចជា គម្រោង​ផលិត​រថយន្ត​តាម​វិធីសាស្ត្រ​ផលិត​នាវា នាពេល​អនាគត​ផងដែរ​”៕
ដោយៈ​មុនី​រ័ត្ន​