រថយន្ត Tesla Cybertruck ទាញព្រ័ត្រ​ជាមួយ​រថយន្ត Ford F-150 លទ្ធផល​ចុងក្រោយ Ford ត្រូវគេ​អូស​ឡើង​ភ្នំ​យ៉ាង​ងាយ​(វីដេអូ)

348
ចែករម្លែក

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក អេ​ឡុ​ន ម៉ាស មាន​ភាព​ស្រឡាំងកាំង​នៅពេលដែល​គាត់​បង្ហាញ​រថយន្ត Cybertruck កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​កញ្ចក់​ពាស​ដែក​បាន​បែក​នៅក្នុង​ការបង្ហាញ​។​

​ទោះបីជា​ការដាក់​តាំង​បង្ហាញ​ជួប​កំហុស​បែបនេះ​ក្តី ក៏ប៉ុន្តែ​លោក​ម៉ាស់​បាន​បង្ហាញថា​ក្រុមហ៊ុន​លក់​រថយន្ត​អនាគត​នេះ​បាន​ចំនួន​ជាង ២០០.០០០ គ្រឿង​។​

​មហាសេដ្ឋី​រូបនេះ​ក៏បាន​ចែករំលែក​ផងដែរ​ថា រថយន្ត Cybertruck គឺជា​រថយន្ត​ខ្លាំង​ជាង​រថយន្ត​ភី​ក​អាប់ Ford F-150 និង បង្ហាញ​វីដេអូ​នៃ​រថយន្ត​ទាំងពីរ​សាក​កម្លាំង​គ្នា​ក្នុង​ល្បែង​ទាញព្រ័ត្រ ជា​លទ្ធផល​រថយន្តរ​បស់​ក្រុមហ៊ុន Telsa បានឈ្នះ​ការប្រកួត​។​

​សហ​ស្ថាបនិក​ក្រុមហ៊ុន Tesla រូបនេះ​បានបង្ហាញ​ភាព​ស្រឡាំងកាំង​ខ្លាំង​នៅលើ​ឆាក​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅពេលដែល​កញ្ចក់​ពាស​ដែក​របស់​រថយន្ត​បាន​ប្រេះ​នៅក្នុង​ការបង្ហាញ​មួយ​ក្នុង​គោលបំណង​បង្អួត​អំពី​ភាព​ធន់​មិន​ងាយ​ខូច​របស់​វា​។​

​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ ៦,១ ភាគរយ​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​ដ៏​រដិបរដុប​នៃ​រថយន្ត​អនាគត​មួយ​នេះ និង ការធ្វើ​ឧទ្ទេសនាម​ខ្វះ​ច​ន្លះ​ច្រើន​។​

​ទោះបីជា​ការបង្ហាញ​រថ​យន្ត​នេះ​ហាក់ដូចជា​សុបិន​ដ៏​អាក្រក់​សម្រាប់​លោក​ម៉ាស​ក្តី ក៏ប៉ុន្តែ​វា​មិនបាន​រារាំង​សាធារណជន​ពី​ការបញ្ជាទិញ​រថយន្ត​អនាគត​មួយ​នេះនោះ​ឡើយ​។​

​លោក​ម៉ាស​បាន​សរសេរ​នៅលើ Twitter របស់គាត់​ថា “២០០k” នៅ​ថ្ងៃអាទិត្យ​នេះ ដែលជា​តួលេខ​នៃ​ការបញ្ជាទិញ​ជាមុន​សម្រាប់​រថយន្ត Cybertruck​។

​នាយក​ប្រតិបត្តិ​រូបនេះ​បាន​បង្អួត​ភាពខ្លាំង​របស់​រថយន្ត Cybertruck ក្នុង​វីដេអូ​រយៈពេល​១៦​វិនាទី ដែល​ក្នុងនោះ​វា​បាន​ទាញ​រថយន្ត F-150 ឡើងលើ​ភ្នំ​យ៉ាង​ងាយ​បំផុត​។ រថយន្ត Cybertruck មានតម្លៃ​ចាប់ផ្តើម ៤៩.៩០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស