Toyota Tundraនេះ​មិន​ត្រឹមតែ​មិន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ប៉ុណ្ណោះ​ទេ ថែមទាំង​ចេះ​ផលិត​នំ​ភី​ហ្សា​ទៀត​

1244
ចែករម្លែក

​មិន​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ហើយ​មាន​ភី​ហ្សា​ឥត​ដែន​កំណត់​ទៀត​។ នេះ​គឺជា​ការសន្យា​ពី​រថយន្ត​ភី​ក Toyota ថ្មី​ដែល​បានដាក់​បង្ហាញ​នៅ​សប្តាហ៍​នេះ​។​

​ដោយមាន​ឈ្មោះថា Tundra PIE Pro វា​គឺជា​រោងចក្រ​ផលិត​ភី​ហ្សា​ចល័ត ដែល​បំពាក់​ដោយ​បច្ចេកវិជ្ជា​បៃតង (​ការពារ​បរិស្ថាន​) ចុងក្រោយ​បំផុត​។​

​រថយន្ត​នេះ ដែល​ផលិត​តែមួយ​គ្រឿង​គត់​សម្រាប់​យកមក​តាំងពិព័រណ៍​ឈ្មោះ SEMA នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស គឺ​ប្រើ​ម៉ាស៊ីន​អ៊ីដ្រូសែន​ដូចគ្នា​នឹង​រថយន្ត​លក្ខណៈ​គ្រួសារ​ម៉ាក Toyota Mirai តម្លៃ ៨៥.៧៧៧ ដុល្លារ ប៉ុន្តែ​ក៏មាន​មនុស្ស​យន្ត​ផលិត​ភី​ហ្សា​នៅ​ខាងក្នុង​ផងដែរ ដែល​អាច​ផលិត​នំ​ភី​ហ្សា​ក្នុងពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​

​រថយន្ត​ពិសេស​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមបច្ចេកទេស​រថយន្ត​ស្ព័​រ​អាមេរិក​របស់​ក្រុមហ៊ុន Toyota សហការ​ជាមួយ​ភោជនីយដ្ឋាន Pizza Hut នៅក្នុង​ស្រុក​។​

​គម្រោង​នេះ​គឺ​ប្រើ​រថយន្ត​ភី​ក​អាប់ Tundra សម្រាប់​ជា​ម៉ាស៊ីន​ជំនួយ និង បាន​ដោះដូរ​ម៉ាស៊ីន​សាំង V8 ចេញ​ដោយ​ជំនួស​វា​ជាមួយ​ម៉ាស៊ីន​អគ្គិសនី​អ៊ីដ្រូសែន​ពី​រថយន្ត Toyota Mirai​។​

​ដើម្បី​កែប្រែ​រថយន្ដ​ភី​ក​អាប់​មិន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ចនេះ​ទៅជា​រថយន្ត Tundra PIE សម្រាប់​ផលិត​នំ​ភី​ហ្សា អ្នកឯកទេស​បាន​ច្នៃ​ទ្រុង​ខាងក្រោយ​ទៅជា​ផ្ទះបាយ​ផលិត​ភី​ហ្សា​ដោយ​ស្វ័យប្រវត្តិ​។

​ផ្ទះបាយ​នោះ​គឺមាន​ទូទឹកកក​មួយ ដៃ​មនុស្ស​យន្ត​បញ្ជា​ដោយ​កុំព្យូទ័រ​មួយគូ និង ចង្ក្រាន​ដុត​នំ​បច្ចេកវិជ្ជា​ខ្ពស់​មួយ​។

​ដូច​រថយន្ត​ភី​ក​អាប់​ដែរ គ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​ទាំងមូល​គឺ​ដំណើរការ​ដោយ​ថាមពល​ឥន្ធនៈ​អ៊ីដ្រូសែន មានន័យថា នឹងមិន​មានការ​បញ្ចេញ​ឧស្ម័ន​កខ្វក់​នោះទេ ខណៈ​កំពុង​ធ្វើ​នំ​ភី​ហ្សា​។

​គួររំលឹកថា រថយន្ត​នេះ​នឹងដាក់​តាំង​បង្ហាញ​នៅ​ពិព័រណ៍ SEMA ឆ្នាំ ២០១៨ រហូតដល់​ថ្ងៃទី​២​វិច្ឆិកា​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ភី​ក​អាប់ Tundra PIE Pro មិន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច និង​ចេះ​ផលិត​នំ​ភី​ហ្សា​ទៀត