រទេះគោ​ក្របី បាន​ប្រែ​ពី​ឧបករណ៍​ដឹកជញ្ជូន មកជា​វត្ថុ​បុរាណ​ដាក់តាំង​លម្អ​តាម​លំនៅដ្ឋាន​

1794
ចែករម្លែក
  • 12
    Shares

ដោយ​: ចាន់ ថន / ព្រៃវែង​: កាលពីមុន​កសិករ​ខ្មែរ​យើង​តែងតែ​ប្រើ រទេះគោ​ក្របី ធ្វើ​អំពី​ឈើ សម្រាប់​ដឹកជញ្ជូន​កសិផល​ដូចជា​ស្រូវ ពោត ស​ណ្ដែ​ង ចេក បន្លែ ឈូក ឬ​គេ​យកមក​ធ្វើជា​មធ្យោបាយ ដឹកជញ្ជូន​ឧបករណ៍​ផ្សេង ដោយ​ប្រើ​កម្លាំង​គោក្របី​ក្នុងការ​ទូ​សទាញ​។​

​ប៉ុន្តែ​បច្ចុប្បន្នសម័យ​កាន់តែ​ទំនើប និង​សំបូរបែប​មាន​ឧបករណ៍​កសិកម្ម​ទំនើបៗ ច្រើន​ប្រភេទ​។ មានដូចជា គោយន្ត ម៉ា​ស៊ី​កាត់ ម៉ាស៊ីន​ច្រូត កាឡេ​ថង រ៉ឺម៉ក ត្រាក់ទ័រ រថយន្ត សម្រាប់​ដឹកជញ្ជូន​ជាដើម​។​ល​។​
​ដែលជា​មូលហេតុ​នាំ ឲ្យ​កសិករ​ខ្មែរ​យើង​បច្ចុប្បន្ន បោះចោល​ឈប់​ប្រើ​ស្ទើ​ទាំងស្រុង​ទៅហើយ​នូវ​រទេះគោ​ក្របី​។ ហើយ​តាម​គ្រួសារ​នីមួយៗ​ពួកគាត់​ងាក​មក​ប្រើ កាឡេ​ថង គោយន្ត​ឬ​រថយន្ត ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ជំនួស​រទេះគោ​ក្របី ព្រោះ​វា​ចំណេញ​ពេលវេលា​។ ជាមួយគ្នា​នោះ កសិករ​បាន​ទុក​រទេះគោ​ក្របី​ចោល​នៅតាម​ក្រោមផ្ទះ រោង​បាយ​ជាដើម​។​

​ហើយ​សព្វថ្ងៃនេះ រទេះគោ​ក្របី បានក្លាយ​ទៅជា វត្ថុ​បុរាណ​យ៉ាងសំខាន់​ដែល គេ​យកមក​ដាក់តាំង នៅតាម​លំនៅដ្ឋាន ភោជនីយដ្ឋាន ទីសាធារណៈ កន្លែង​កម្សាន្ត​ផ្សេងៗ​។ ​វា​ក៏​ជា​មូល​ហេតុដែល កសិករ​លក់បាន​លុយ​គ្រាន់​ដោះស្រាយ​ជីវភាព បាន​មួយចំណែក​តូច​ជាជាង​ទុក​រទេះ​ចោល​។​

​ទន្ទឹមនឹងនោះ ក្រុមអាជីវករ អ្នកដើរ​ទិញ រទេះគោ​ក្របី នៅ​ស្រុក​ពារាំង បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨​នេះ​ថា រាល់ថ្ងៃ​ពួកគាត់​តែងតែ​ដើរ​ទិញ​រទេះគោ​ក្របី​ចាស់ៗ​ដែល​កសិករ ទុកចោល​ដើម្បី​យកទៅលក់​ឲ្យ ម៉ូយ​នៅ​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​។ ដែល​គេ​យកទៅ​កែច្នៃ​ដាក់តាំង លម្អ​តាម​ផ្ទះ ភោជនីយដ្ឋាន សួនច្បារ ឬ​ទីសាធារណៈ​ជាដើម​។​

​ប្រភព​ដដែល​បន្តថា រាល់ថ្ងៃ​ខ្លួន​ដើរ​ទិញ​តែ​កង់រទេះ​គោក្របី​តែប៉ុណ្ណោះ ដោយឡែក​ទូក​រទេះ​ឬ​រនៀប​គឺ​មិន​ទិញ​ទេ​។ ហើយ​កង់រទេះ​២​វង់​គាត់​ទិញ​ពិ​កសិករ​ចំនួន​១០​ម៉ឺន​រៀល លុះ​យកទៅលក់​ឲ្យ​ម៉ូយ​បាន​តម្លៃ​១៦​ម៉ឺន​រៀល ជា​មធ្យម​១​ថ្ងៃ​ដើរ​ទិញ​បាន​១​គូរ​ឬ​២​ប៉ុណ្ណោះ​។ ចំពោះ​ម្ចាស់​អាហារ​ដ្ឋា​ន​ម្នាក់ នៅ​ស្រុក​ពារាំង បានលើកឡើង​ដែរ​ថា គាត់​ទិញ​កង់រទេះ​មក​ដាក់តាំង​នៅមុខ​ហាង គឺ​ដើម្បី​លម្អ បរិវេណ​ទីធ្លា​ឲ្យ​ស្អាត​។ និង​មាន​ភាព​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ដែល​ចូលមក​បរិភោគ​ចំណីអាហារ​នៅ​ហាង​របស់គាត់​៕ ល​