រន្ឋត់ទាំងព្រឹក ! រថយន្តកូរ៉ូឡា បើក​លឿនដូចហោះបុកម៉ូតូ ពេញទំហឹង​ស្លាប់ម្នាក់និងម្នាក់ ទៀតរបួសធ្ងន់

189
ចែករម្លែក

ដោយ:គ្រី សម្បត្តិ/ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបង្កមួយគ្រឿង ក្នុងល្បឿន​យ៉ាង​លឿនបុកម៉ូតូស៊ុយស៊ុយគីនិច បណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង៥នឹង៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩​ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ នៅចំណុចអនុវិទ្យាល័យចតុមុខ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះនាង លាប ភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅ ម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង។ រីឯជនរងគ្រោះ​រងរបួសធ្ងន់មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ ។

តាមប្រភពព័ត៌មានពីសន្តិសុខសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌ស ពាក់ផ្លាកលេខកំពង់ធំ1L-1980 បើកបរតាមបណ្តោយផ្លូវ២១៤ក្នុងទិសដៅពីលិចទៅកើត។ ខណៈបើកមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបើកទៅ​ត្រង់ឆ្លងស្តុតបបែកជាបួន ដើម្បីទៅទិញអីញាំក៏ស្រាប់តែមានរថយន្ត​មួយគ្រឿងទៀតម៉ាកកូឡូឡាឆ្នាំ៩៨ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ2A-6706 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូង​ទៅជើងបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ មកបុកម៉ូតូរងគ្រោះចំពាក់កណ្តាលចំពេញទំហឹង បណ្តាលឲ្យប៉ើងជាង​៥០ម៉ែត្រទៅកណ្តាលផ្លូវរងការខូចខាតខ្ទេចម៉ូតូទាំងស្រុង។ ឯស្ត្រីរងគ្រោះបានបោកក្បាលស្លាប់ភ្លាមៗនោះនៅចញ្ចើមផ្លូវ។ រីឯជនរងគ្រោះប្រុសវិញរងរបួសធ្ងន់បែកក្បាលនិងសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។ ចំណែកឯរថយន្តបង្កវិញបើកប្រហែលជា៦០ម៉ែត្រក៏ឈប់
នៅមុខសាលាអនុវិទ្យាល័យចតុមុខ ហើយម្ចាស់ រថយន្តរត់គេចខ្លួនបាត់ស្រមោលទាំងខូចខាតបែកកញ្ចក់មុខផ្នែកខាងស្តាំ។ ភ្លាមៗនោះដែលរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានមកដល់ដឹក​យកជនរងគ្រោះ​យកទៅសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅ តម្កល់នៅវត្តទឹកថ្លាជាបណ្តោះអាសន្ន រង់ចាំម្តាយមកយកទៅធ្វើបុណ្យនៅឯ​ស្រុកកំណើត។ ចំណែកឯរថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕B/Ha