រន្ធត់​ណាស់​! បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​រថយន្ត​ពីរ​គ្រឿង មួយ​បុក​និង​មួយទៀត​កិន​ពីលើ​

891
ចែករម្លែក
  • 121
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ យ៉ាង​វេទនា​បំផុត ដោយសារ​រថយន្ត​មួយគ្រឿង​បញ្ច្រាសទិស​គ្នា​បុក​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ ងើប​មិនទាន់រួច​ផង ស្រាប់​តែមាន​រថយន្ត​មួយ​ផ្សេងទៀត ស្រប​ទិស​គ្នា​បានមក​ដល់ ហើយ​កិន​ពីលើ​ជនរងគ្រោះ​ផ្តាច់ជីវិត​តែម្តង​។​

​ករណីនេះ កើតឡើង​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៨-១៤៩ ភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​។​

​តាម​របាយការណ៍​បឋម​ពី​កងរាជអាវុធហត្ថ​ស្នាក់​សន្តិសុខ​៤០២ ផ្លូវជាតិ​លេខ​៤ និង​នគរបាល​មូលដ្ឋាន​ស្រុក​កំពង់សីលា បញ្ជាក់ថា ដំបូង​ភាគី​រថយន្ត​ម៉ាក ហាយ​ឡេ​ន​ឌ័​រ មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ បាន​បុក​ប៉ះ​អ្នកបើកបរ​ម៉ូតូ​មាន​ទិសដៅ​បញ្ច្រាស​គ្នា រួច​រថយន្ត​បើក​រត់​ទៅមុខ​បន្ត ហើយ​ភ្លាមនោះ ក៏មាន​រថយន្ត ម៉ាក​តូយ៉ូតា មេកុង អ៊ិ​ច​ហ្រ៊េ្វ​ស ដែលមាន​ទិសដៅ​ស្របគ្នា​នឹង​ម៉ូតូ មកដល់​បាន​បុក​កិន​ទៅលើ​បុរស​អ្នកបើក​ម៉ូតូ ដែល​ខ្ទាត​ចេញពី​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅក្រោម​រថយន្ត​។​

​ជនរងគ្រោះ​ភាគី​អ្នកបើកបរ​ម៉ូតូ​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1F-1868 ដែល​ស្លាប់​នោះ ឈ្មោះ ទិន សុខ​ជា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ចំណែក​ភាគី​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-2033 ដែល​បើក​រត់ នគរបាល តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​ជា​ជនជាតិ​ចិន នៅ​ចំណុច​ឃុំ​បិត​ត្រាំ​ង​ក្នុងស្រុក​ព្រៃនប់ និង​បាន​នាំយក​ទៅកាន់​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ដើម្បី​ដោះស្រាយ​បន្ត​។ រីឯ​ភាគី​រថយន្ត​ម៉ាក​តូយ៉ូតា មេកុង​អ៊ី​ច​ហ្រ៊េ្វ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3073 អ្នកបើកបរ​រត់គេច​បាត់ ក្រោយពេល​កើតហេតុ​៕ ល​