រន្ធត់​ណាស់​! រថយន្ត​តា​កូ​ម៉ា បើក​បុក​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​គ្នា​៤​នាក់ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៣​នាក់​

1042
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​មនុស្ស​៣​នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែល​ជនរងគ្រោះ​ទាំង​៤​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ហើយ​ត្រូវបាន​រថយន្ត​តា​កូ​ម៉ា បើក​បុក​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ហាង​លក់​បាយ និង​បាញ់ឆែវ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ កែង​និង​ផ្លូវ​លេខ​៤៦០ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​បើតាម​សាក្សី​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន ៤​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AO 5990 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 8124 ធ្វើដំណើរ​មកពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយក៏​ជ្រុល​បុក​ម៉ូតូ​រងគ្រោះ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​មនុស្ស​ខ្ទៀ​តទៅ​បោក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​លក់​បាយ និង​បាញ់ឆែវ របស់​ប្រជាពលរដ្ឋ ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​៣​នាក់ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់ ចុះមក​ដឹក​ជនរងគ្រោះ​របួសធ្ងន់​ទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ឯកជន​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​កើតហេតុ​រួច រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅដល់​ផ្លូវ​លេខ​៤៧០ ដែល​ចេញពី​កន្លែងកើតហេតុ​ប្រហែល​៥០០​ម៉ែត្រ ដោយ​រថយន្ត​បែក​កង់​ទើប​ទៅមុខ​លែងរួច និង​ចត​រថយន្ត​ចោល ម្ចាស់​គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​សព​ជនរងគ្រោះ និង​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​រងរបួស​ធ្ងន់​នោះ មិនបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ និង​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​៕ ល​