របបរាជានិយម​ក្នុងសង្គម​ខ្មែរ​

469
ចែករម្លែក
​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយៈ​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ក​ម្ព​ជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​
​ភ្នំពេញៈ​បើ​យើង​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​កម្ពុជា យើង​ឃើញថា​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កាន់​របបរាជានិយម​រាប់​សតវត្សរ៍​មកហើយ គឺ​តាំងពី​ការកកើត​រដ្ឋ​មកម្ល៉េះ មាន​ទាំង​របបរាជានិយម​ផ្តាច់ការ (​សម្បូរ​ណ​ញ្ញា​សិទ្ធិ​រាជ្យ​) និង​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​។ ប៉ុន្តែ របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដោយសារ​រដ្ឋប្រហារ​មួយ​ដឹកនាំ​ដោយ លន់ នល់ សិរិមតៈ និង​ចេង ហេង ដើម្បី​ទម្លាក់​សម្តេច នរោត្តម សីហនុ ចេញពី​អំណាច​។​


​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៩៣ របប​នយោបាយ​ចំនួន​បី បាន​ខិតខំ​ចូលមក​គ្រប់គ្រង​ប្រទេស​កម្ពុជា ដែល​នៅក្នុង​ចំណោម​របប​នយោបាយ​ទាំងនោះ គេ​ឃើញ​មាន​របប​ប្រធានាធិបតីនិយម ដែលមាន​អត្ថិភាព​រហូតដល់​ឆ្នាំ​១៩៧៥ ដែល​ពេលនោះ​ខ្មែរក្រហម​បាន​ផ្តួលរំលំ ហើយ​បាន​ឡើងកាន់​អំណាច​ជំនួស​វិញ​ដោយ​ចុង​កាណុង​។ ពី​ឆ្នាំ​១៩៧៥ របប​ផ្តាច់ការ​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច ហើយ​បាន​ប្រព្រឹត្ត​អំពើហិង្សា​និង​ការកាប់សម្លាប់​តាម​អំពើ​ចិត្ត​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍​ត្រូវបាន​ផ្តួលរំលំ​ដោយ​ក្រុម​សង្គមនិយម​មិន​តឹងរ៉ឹង “Les Modérés” (​និយម​កណ្តាល​) ហើយ​ឡើង​ដឹកនាំ​ប្រទេស​ម្តងវិញ ដោយ​ចាប់ផ្តើម​រៀបចំ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ឡើងវិញ​។​


​ក្រុម​នេះ​បាន​ខិតខំ​កសាង​និង​ការពារជាតិ​ក្នុងស្ថានភាព​ដ៏​លំបាក​ម​យ​យ​ដោយ​ដៃ​ម្ខាង​ការពារ​ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​និង​ដៃ​ម្ខាង​ទៀត​កសាង​ជាតិ​។ របប​គ្រប់គ្រង​នេះ​មាន​អត្ថិភាព​រហូត​ឆ្នាំ​១៩៩៣​។​
​ក្រោយ​ការបោះឆ្នោត​១៩៩៣​ប្រទេស​កម្ពុជា​បាន​ប្រកាន់យក​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ជាថ្មី​ឡើងវិញ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ បាន​ចែងថា ៖ «​ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​»​។ របបរាជានិយម​ថ្មី​នេះ​មាន​អត្ថិភាព​រហូតដល់​បច្ចុប្បន្ន​។ យើង​ឃើញថា ប្រទេស​កម្ពុជា​បាន​ភ្លក្ស​ស្ទើរ​គ្រប់​រសជាតិ​នៃ​របប​នយោបាយ ហើយ​របប​នយោបាយ​ដែល​មិនមែន​រាជានិយម មិនសូវមាន​អត្ថិភាព​បានយូរ​ទេ ច្រើនតែ​ត្រូវបាន​ផ្តួលរំលំ​ដោយ​របប​មួយ​ផ្សេងទៀត​។ ដូច្នេះ មានតែ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ទំនើប​ទេ ទើប​អាច​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ​និង​មាន​អត្ថិភាព​យូរអង្វែង​។​


​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យសម្បត្តិ ប៉ុន្តែ ទ្រង់​មិន​កាន់អំណាច​ឡើយ ហើយ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត​។ ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​និង​និរន្តរភាព​ជាតិ​,​ទ្រង់មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាពទៀងទាត់​។​ទោះបី​ព្រះមហាក្សត្រ​មិន​កាន់អំណាច​ក្តី ប៉ុន្តែ ព្រះអង្គ​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ គឺ​អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌ​កម្ពុជា ក៏បាន​កំណត់​ទោសទណ្ឌ​ចំពោះ​ជន​ទាំងឡាយណា ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ផងដែរ​។​


​មាត្រា ៤៣៧ ស្ទួន នៃ​ជំពូក​ទី​១ នៃ​មាតិកា​ទី​១​នៃ​គន្ថី​ទី​៤ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្ត​នា្ទ​ទោសពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់​ព័​ន្ទ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»​។​


​ដូច្នេះ បុគ្គល​ទាំងឡាយណា ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ គឺ​ប្រឈម​នឹង​បញ្ហា​បួន ។​ទីមួយ ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​និង​គ្រឹះ​នៃ​វប្បធម៌​និង​អារ្យធម៌​ខ្មែរ​៖ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ គឺ​មានន័យថា ជាការ​ជាន់ឈ្លី​ប្រវត្តិសាស្ត្រ​និង​គ្រឹះ​នៃ​វប្បធម៌​និង​អារ្យធម៌​ខ្មែរ​។ បុគ្គល​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ គឺជា​មនុស្ស​ទមិឡ​ឥត​សាសនា និង​ជាម​នុស្ស​ដែល​មិន​ស័​ក្ត​សម​នឹង​ទទួលបាន​សញ្ជាតិ​ជា​ខ្មែរ និង​ជាន់ដី​ខ្មែរ​នោះទេ​។​
​ទី​ពីរ​. ទិដ្ឋភាព​ច្បាប់ៈ បុគ្គល​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ គឺ​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ មាន​ពិរុទ្ធភាព​ព្រហ្មទណ្ឌ​មាន​ស្ថាន​ទម្ងន់ ដែល​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​បំផុត ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ និង បាន​រំលោភ​បាវចនា​របស់​ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ​។​
​ទី​បី ទិដ្ឋភាព​សង្គមៈ ប្រជាជន​ខ្មែរ​ទូទាំង​នគរ​គោរព​ស្រឡាញ់​អង្គ​ព្រះមហាក្សត្រ និង ចាត់ទុក​ព្រះ​អង្គជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​កូនចៅ​បណ្តា​ប្រជានុរាស្ត្រ​ខ្មែរ​ទូទាំង​នគរ​។ ដូច្នេះ បុគ្គល​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​គឺជា​បុគ្គល​ជាន់ឈ្លី​និង​ប្រមាថ​ចំពោះ​ប្រជាជន​ទូទាំង​នគរ ប្រៀបបាន​យក​កាំបិត​ទៅ​ចាក់​បេះដូង​ប្រជាជន​ឱ្យ​ឈឺផ្សា​បំផុត​។​


​ទី​បួន ទិដ្ឋភាព​នយោបាយៈ បុគ្គល​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ជា​បុគ្គល​ដែល​មិន​អាចធ្វើ​នយោបាយ​ក្នុងសង្គម​កម្ពុជា​បានទេ ជា​បុគ្គល​ដែល​ប្រជាជាតិ​កម្ពុជា​មិន​ស្វាគមន៍​។ បុគ្គល​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ជា​បុគ្គល​មាន​ទំនោរ​សាធារណ​រដ្ឋនិយម និង​អាចមាន​ឧបាយកល​ទុចរិត​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​របបរាជានិយម​នៅ​កម្ពុជា​ក៏​ថា​បាន​។​


​ដូច្នេះ សូម​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់ គ្រប់​ទីក្រុង និគមជនបទ សូម​ប្រយ័ត្ន​ប្រយែង​ចំពោះ​បុគ្គល​បែបនេះ​។​និន្នាការ​ណាមួយ​ឈានទៅរក​ការផ្តួលរំលំ​របបរាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​នៅ​កម្ពុជា​គឺជា​ការ​ប៉ុ​ប៉ង​នាំ​កម្ពុជា​ទៅរក​សោកនាដកម្ម​ដ៏​ឈឺ​ចាប់ពី​អតីតកាល​ម្តងទៀត​៕(​ដកស្រង់​គេហទំព័រ​រាជបណ្ឌិត្យ​សភាព​កម្ពុជា​)