របប​យោធា​ថៃ​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​អំពី​រដ្ឋប្រហា​រ ក្រោយ​ឯកសារ​ក្លែងក្លាយ​ត្រូវបាន​ចែកចាយ​

161
ចែករម្លែក

​រដ្ឋាភិបាលយោធា​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ទូទៅ​មួយ​អំពី​រដ្ឋប្រហារ​ដែល​អាច​កើត​មាន​មួយ​ក្រោយ​ឯកសារ​ក្លែងក្លាយ​មួយ​ត្រូវ​បាន​ចែកចាយ​​នៅលើ​បណ្តាញ​សង្គម​កាលពី​ចុង​សប្តាហ៍​។​

​ដោយ​ហៅ​ពាក្យ​ចចាមអារ៉ាម​អំពី​រដ្ឋប្រហា​រ​នេះ​ថា​ជា​«​ព័ត៌មាន​ក្លែងក្លាយ​» នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ឯកសារ​តែ​ត្រូវ​បាន​ចែកចាយ​ជា​ទូ​​ទៅ​ដែល​ប្រកាស​អំពី​ការបណ្តេញ​ឧត្តមសេនី​យ៍​កំពូលៗ​នោះ​ជា​ការមិនពិត​។​

​លោក​ប្រា​យុទ្ធ​បាន​និយាយថា​« បញ្ហា​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​និង​ជនល្មើស​នឹង​ត្រូវ​ដាក់ទោស​»​។​

​តែ​វា​មិនមែន​តែ​ឯកសារ​ក្លែងក្លាយ​តែមួយ​មុខ​ដែល​អ្នក​ប្រើ​បណ្តាញ​សង្គម​បានឃើញ​នោះទេ​។​ឯកសារ​មួយ​ទៀត ដែល​ពិត គឺ​ការបញ្ជា​អោយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​យាម​ការពារ​​ទីតាំង​សំខាន់ៗ​នៅ​ខេត្ត​ភិ​ចិត្ត​ភាគ​កណ្តាល បាន​បែកធ្លាយ​កាលពី​ថ្ងៃ​សៅរ៍​។​ប៉ូលិស​ក្រោយ​មក​បាន​និយាយថា ការដាក់​កម្លាំង​នេះ​ធ្វើ​តាម​ទម្លាប់​សុទ្ធសាធ​។​

​ពាក្យ​ចចាមអារ៉ាម​នេះ​បង្ក​អោយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បង្ហោះ​រូប​រថក្រោះ​យោធា​នៅ​លើ​ដងផ្លូវ​កាលពី​ចុង​សប្តាហ៍​។​អាជ្ញាធរ​ក្រោយមក​បាន​បញ្ជាក់ថា កាំភ្លើង​និង​​រថក្រោះ​ទាំងនេះ​ត្រូវបាន​បញ្ជូន​សំរាប់​សមយុទ្ធ​យោធា​ពស់វែក​មាស​ប្រចាំឆ្នាំ​នាពេលខាងមុខ​។​

​ពាក្យ​ចចាមអារ៉ាម​នេះ​បាន​កើតឡើង​ក្រោយ​ពី​គ្រាប់បែក​នយោបាយ​ពីរ ត្រូវ​បាន​ទម្លាក់​កាលពី​ថ្ងៃ​សុក្រ គឺ​ទីមួយ​ការតែងតាំង​ព្រះរាម​របស់​ស្តេច​ថៃ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​​ទី​២​គឺ​ស្តេច​ចេញមុខ​អន្តរាគមន៍ ដោយ​ជំទាស់​នឹង​ការតែងតាំង​នេះ​។​

​ថៃ​បច្ចុប្បន្ន​ស្ថិត​ក្រោម​របប​យោធា ដែល​បាន​ចូល​កាន់​អំណាច​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​ប្រទេស​នេះ​ធ្លាប់​ជួប​រដ្ឋប្រហារ​បានសំរេច​១២​លើក ចាប់តាំងពី​ខ្លួន​ក្លាយ​ជា​របប​រាជានិ​​យម​អាស្រ័យ​ធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៣២​។​តែ​រដ្ឋប្រហារ​ក្នុង​រដ្ឋប្រហារ​មិន​ដែល​កើតមាន​ទេ​៕​ដោយៈ​វាសនា​

នាយករដ្ឋមន្ត្រី​ថៃ​និង​មេដឹកនាំ​របប​យោធា លោក​ប្រា​យុទ្ធ ប្រាប់​អ្នកយក​ព័ត៌មាន​អំពី​ឯកសារ​ដែល​ត្រូវ​បាន​ចែកចាយ​អំពី​ការបណ្តេញ​ឧត្តមសេនី​យ៍​កំពូលៗ​