របប​យោធា​ថៃ​ត្រូវការ ១០ ពាន់​លាន​ដុល្លារ​ក្នុង​ថវិកា​ការពារជាតិ​និង​សន្តិសុខ​

998
ចែករម្លែក

​របប​យោធា​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មិថុនា​បាន​ស្វែងរក​ប្រាក់​ចំនួន ១០ ពាន់​លាន​ដុល្លារ​ក្នុង​ថវិកា​ការពារជាតិ​និង​សន្តិសុខ​ថ្មី​មួយ នៅក្នុង​អ្វីដែល​អាចជា​ឱកាស​ចុងក្រោយ​របស់ខ្លួន​ក្នុងការ​បែងចែក​ថវិកា​ដល់​កងកម្លាំងប្រដាប់អាវុធ មុនពេល​ការវិល​ត្រឡប់មកវិញ​នូវ​ការបោះឆ្នោត​តាម​ការសន្យា​នៅ​ដើមឆ្នាំ​ក្រោយ​។​

​ការចំណាយ​យោធា​បាន​កើនឡើង​ចាប់តាំងពី​អតីត​ឧត្ដមសេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​នៅ​ឆ្នាំ ២០១៤ ដោយ​សមល្មម​នឹង​ឱ្យ​ពួក​ឧ​ត្ត​ម​សេនីយ៍​ថៃ​បង្កើន​ថវិកា​យ៉ាងច្រើន​ក្នុងអំឡុងពេល​រដ្ឋប្រហា​រ​នេះ​។​

​តួលេខ​ដែល​ត្រូវបាន​ស្នើឡើង​ដោយ​សភា​នីតិបញ្ញត្តិ​ជាតិ​ជ្រើសតាំង​ដោយ​យោធា​សម្រាប់​ឆ្នាំ ២០១៩ គឺមាន​ចំនួន ៧ ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង ១ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​កាលពី ៤ ឆ្នាំមុន​។​

​ក្រៅពីនេះ របប​យោធា​ចង់បាន ៣ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ផែនការ​សន្ដិសុខ​ដើម្បី​គ្រប់គ្រង “​ការគំរាមកំហែង​ថ្មីៗ​” ថែរក្សា​សន្តិភាព​និង​សណ្ដាប់ធ្នាប់​ផ្ទៃក្នុង និង​ទប់ស្កាត់​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន​និង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត ក៏ដូចជា​ការពារ​រាជាធិបតេយ្យ​ថៃ​។​

​ថវិកា​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល ២០ ឆ្នាំ​ដាក់ចេញ​កាលពី​ឆ្នាំមុន ដែល​ត្រូវបាន​ចងក្រង​ដោយ​ស្របច្បាប់​សម្រាប់​រដ្ឋបាល​ក្រោយៗ​នាពេល​អនាគត​អនុវត្តតាម​។​

​លោក ផូ​ល ឆា​ម​បឺ អ្នកឯកទេស​នយោបាយ​ថៃ​នៅ​សាកលវិទ្យាល័យ​នារី​សួន បាន​និយាយថា ថវិកា​ថ្មី​ចុងក្រោយ​នេះ​ក៏​អាច​ត្រូវបាន​គេ​ប្រើ​ដើម្បី​ជួយ​កសាង​និង​ផ្សព្វផ្សាយ​គណបក្សនយោបាយ​ដែល​គាំទ្រ​ដោយ​យោធា​សម្រាប់​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​ផងដែរ​។​

​លោក​បាន​និយាយថា “​យ៉ាងណាមិញ នៅក្នុង​អតីតកាល​របស់​ប្រទេស​ថៃ ពួកយោធា​បាន​ប្រើប្រាស់​ថវិកា​ការពារជាតិ​តាមរបៀប​នេះឯង​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា