របប​យោធា​ថៃ​ទំនងជា​គាំទ្រ​អោយ​លោក​ប្រា​យុទ្ធ​ធ្វើ​នាយករដ្ឋមន្ត្រី​មួយ​អាណត្តិ​ទៀត​

1005
ចែករម្លែក

​នៅ​ពេល​ថៃ​កំពុង​ត្រៀមខ្លួន​សំរាប់​ការបោះឆ្នោត​នៅ​ខែ​កុម្ភៈ​ខាង​មុខ មាន​សញ្ញា​កាន់តែច្រើន​ថា របប​យោធា​ដែល​កំពុងកាន់​អំណាច​បច្ចុប្បន្ន​កំពុង​ត្រៀម​ជំរុញ​អោយ​​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​មួយ​អាណត្តិ​ទៀត​។​

​រដ្ឋ​ធ​ម្មនុ​ញ្ញាតា​ក់​តែង​ឡើង​ដោយ​យោធា អនុញ្ញាត​អោយ​គណបក្ស​នយោបាយ​តែងតាំង​មេដឹកនាំ​មិន​ជាប់​ឆ្នោត​ណា​ម្នាក់​មក​ពី​សភា​ដើម្បី​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​។​បេ​ក្ខ​​ជន​បន្ទាប់មក​ត្រូវការ​គាំទ្រ​ភាគច្រើន​ពី​សមាជិក​សភា​ទាំង​២​ថ្នាក់​ដែល​កន្លងមក​ត្រូវបាន​តែងតាំង​ដោយ​យោធា​។​

​សមាជិក​គណៈរដ្ឋមន្ត្រី​ជាច្រើន រួមមាន​ឧបនាយក​រដ្ឋមន្ត្រី​សំ​ឃី​ត ចា​ទូ​ស្រ៊ី​តាក​និង​រដ្ឋមន្ត្រី​ឧស្សាហកម្ម អ៊ុត​តា​ម៉ា សាវ៉ា​ណា​យ៉ាណា បានប្រកាស​ការគាំទ្ររ​បស់​គេ​សំរាប់​​អោយ​លោក​ប្រា​យុទ្ធ​កាន់​តំណែង​មួយ​អាណត្តិ​ទៀត​។​

​គណបក្ស​នយោបាយ​ថ្មីៗ​ជាច្រើន​ក៏​បាន​សន្យា​គាំទ្រ​លោក​ប្រា​យុទ្ធ តែ​ទោះជា​យ៉ាងណា គេ​នៅ​រង់ចាំ​មើល​ថា​តើ​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ​កំរិតណា​និង​​ថា​តើ​ពួកគេ​ដែល​ជា​គណបក្ស​បង្កើត​ថ្មី​តូចៗ​ទាំ​នោះ​អាច​ឆ្លង​ផុត​គណបក្ស​ទម្ងន់​ធ្ងន់​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​និង​ភឿ​ថៃ​បាន​ដែរឬទេ​។​គណបក្ស​ធំ​ទាំងពីរ​បាន​​ប្រកាស​បំណង​តែងតាំង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មក​ពី​ក្នុង​គណបក្ស​របស់​គេ​។​

​អ្នក​ន​យោ​យ​បាយ​ទើប​ចូល​ប្រឡូក​ថ្មី លោក​ថា​ណា​ថន ហ្សឿ​ងរូង​រឿង​គីត ក៏​ប្តេជ្ញា​ថា​គណបក្ស​”​ឆ្ពោះ​ទៅ​អនាគត​”​ទើប​ចុះបញ្ជី​របស់លោក​នឹង​មិន​គាំទ្រ​អ្វី​ដែល​ហៅថា​”​នាយក​រដ្ឋមន្ត្រី​មក​ពី​ក្រៅ​បក្ស​”​ដោយ​សំអាង​ថា​វា​មិនមែន​ជា​មធ្យោបាយ​កាន់​អំណាច​តាម​បែប​ប្រជាធិបតេយ្យ​ទេ​។​

​របប​យោធា​ថៃ​នឹងមាន​សិទ្ធិអំណាច​ក្នុង​ការតែងតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​២៥០​រូប​សំរាប់​អាណត្តិ​៥​ឆ្នាំ​។​ព្រះរាជាណាចក្រ​នេះ​នៅ​មិនទាន់មាន​ព្រឹទ្ធសភា​​នៅឡើយ​ទេ ដោយ​នៅ​ប្រើ​សភា​បណ្តោះ​ស្តីទី​មួយ​ក្រោយ​រដ្ឋប្រហារ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៤​។​

​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​ថា​ម៉ាសា​ត លោក​ផា​រី​ន​យ៉ា ថេ​វ៉ាណា​រុ​មី​ត​គុល​បាន​និយាយថា ដើម្បី​អោយ​អាណត្តិ​ទី​២​របស់​ឧត្តមសេនីយ៍ប្រា​យុទ្ធក្លា​យ​ជា​ការពិត លោក​​ត្រូវ​ទទួលបាន​ការគាំទ្រ​ហួស​ពី​ព្រឹទ្ធសភា​។​

​បណ្ឌិត​ផា​រី​ន​យ៉ា បាន​និយាយថា​” បើ​នាយក​រដ្ឋមន្ត្រី​ក្រៅ​បក្សនយោបាយ​ណា​ម្នាក់​អាច​រកបាន​សម្លេង​គាំទ្រ​ពី​ព្រឹទ្ធសភា​២៥០ លោក​គ្រាន់តែ​ត្រូវការ​សម្លេង​គាំទ្រ​ពី​សភា​១២៦ ដើម្បី​ទទួលបាន​សម្លេង​ភាគច្រើន​ដាច់ខាត ឬ​៣៧៦​សម្លេង​ក្នុងចំណោម​សភា​ដែល​មាន​៧៥០​សម្លេង​”​។​

​មេដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ​របស់​ថៃ​ក៏​នឹង​ត្រូវ​ការកៀងគរ​សម្លេង​គាំទ្រ​ច្រើន​ឡើង​នៅក្នុង​សភា​ជាន់​ទាប​ដែលមាន​៥០០​អាសនៈ ដើម្បី​ជំរុញ​ការអនុម័ត​ច្បាប់​សំខាន់​​ៗ​។​

​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ថា​ម៉ាសា​ត​មួយរូប​ទៀត បាន​និយាយថា ឧត្តមសេនីយ៍ប្រា​យុទ្ធ ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤ ទម្លាក់​នាយក​រដ្ឋមន្ត្រី​យី​ង​​ឡាក់ ស៊ីណា​វ៉ាត ចូលរួម​ជាមួយ​បុគ្គល​មួយចំនួន​ទៀត​ដែល​ចូល​កាន់​អំណាច​មិន​តាម​មធ្យោបាយ​ប្រជាធិបតេយ្យ​។​

​ពួកគេ​រួម​មាន ឧត្តមសេនីយ៍ ព្រេ​ម ទីន​ស៊ូ​ឡា​ណុន​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​។​ពួក​សមាជិកសភា បាន​តែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨០​ក្រោម​រដ្ឋធម្មនុញ្ញ​មួយ​ដែល​មិន​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ជា​សមាជិក​សភា​ជាប់ឆ្នោត​។​

​នៅ​ឆ្នាំ​១៩៩១ លោក​អាណាន់ ប៉ាន់យ៉ា​រ៉ាជុន ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ដោយ​មេ​រដ្ឋប្រហារ ឧត្តមសេនីយ៍ ស៊ូ​ចិន្តា​ដើម្បី​ត្រៀម​រៀបចំ​ការបោះឆ្នោត​របស់​ថៃ​។​​លោក​អាណាន់ ត្រូវបាន​តែងតាំង​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩២ ក្រោយ​ឧត្តមសេនីយ៍ស៊ូ​ចិន្តា​ចុះចេញ​ពី​តំណែង​។​

​ត​មក ឧត្តមសេនីយ៍ ស៊ូ​រ៉ា​យុទ្ធ ជូឡា​ណុន ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០០៦​។​លោក​បាន​បំរើ​ការងារ​នេះ​២​ឆ្នាំ​។​

​ពួក​អ្នកគាំទ្រ​ឧត្តមសេនីយ៍ប្រា​យុទ្ធជឿ​ថា ការតែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី​អាច​ផ្តល់​ស្ថិរភាព​ដល់​រដ្ឋាភិបាល​ចំពេល​មាន​ការបែកបាក់​នយោបាយ​ដែល​បាន​នាំ​ដល់​​រដ្ឋប្រហារ ការជួបជុំ​តវ៉ា​តាម​ដងផ្លូវ​និង​ការ​បង្ហូរឈាម​អស់​មួយ​ទសវត្សរ៍​។​

​ថៃ​ជួប​រដ្ឋប្រហារ​យោធា​២ ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ នៅ​ឆ្នាំ​២០០៦​និង​២០១៤ ក្រោយពី​មាន​ការចោទប្រកាន់​ថា រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ បាន​​រំលោភ​អំណាច​៕​ដោយ​៖​វាសនា


ពួក​អ្នកគាំទ្រ​ឧត្តមសេនីយ៍ប្រា​យុទ្ធជឿ​ថា ការតែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី​អាច​ផ្តល់​ស្ថិរភាព​ដល់​រដ្ឋាភិបាល