របរ​លក់​សាដក់​កាន់តែ​រីក​ច្រើន​នៅ​ក្រុងភ្នំពេញ នា​រដូវ​បុណ្យកាន់បិណ្ឌ​

717

ដោយ​: ពៅ និមល / ភ្នំពេញ​: ស្រប​ពេលដែល​ឱកាស​បុណ្យកាន់បិណ្ឌ បាននិងកំពុង​ប្រារព្ធ​ឡើង​រយៈពេល​១៥​ថ្ងៃ រហូតដល់​បុណ្យ​ភ្ជុំបិណ្ឌ ជាការ​កត់សម្គាល់​មើល​ឃើញថា ការប្រកប​របរ​លក់​សាដក់​បាន​កើន​ឡើងជា​បន្តបន្ទាប់​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន​ប្រចាំ​កាសែត​រស្មី​កម្ពុជា ជាមួយ​អាជីវករ​ជាច្រើន​នាក់​ក្នុង​ផ្សារ​ធំថ្មី ក៏ដូចជា​តាម​ទីសាធារណៈ​បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា ការចាប់យក​រប​រល​ក់​សាដក់​ក្នុង​រយៈពេល​ខ្លី​នេះ គឺ​កាក់កប​គួរសម ដោយ​លក់ដាច់​ជា​ហូរហែរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែលមាន​តម្លៃ​ចាប់ពី​ជាង ១០.០០០​រៀល ដល់​ជិត​៤០.០០០​រៀល​។​

​ដោយឡែក អ្នកនាង ចៅ ច័ន្ទ​និមល ម្ចាស់​ហាង​លក់​សម្ភារៈ​បុណ្យ​គ្រប់​ប្រភេទ រតនា និមល ដែលមាន​ទីតាំង​ស្ថិត​ក្បែរ​ក្រសួងទេសចរណ៍ បាន​រៀបរាប់ថា ក្រោយ​ប្រក​បរបរ​ប្រមាណ​១០​ឆ្នាំ​មកនេះ ទំនិញ​លក់ដាច់​ច្រើនជាងគេ គឺ​សាដក់ ដោយ​កើន​ឡើងជា​រៀងរាល់ឆ្នាំ និង​មានការ​កុំ​ម្ម៉​ង់​ទុក​ផងដែរ ពី​អតិថិជន​ទូទាំងប្រទេស​។ អ្នកនាង​ឲ្យ​ដឹង​ទៀតថា ចំពោះ​តម្លៃ​សាដក់​ប្រៀបធៀប​រវាង​ឆ្នាំមុនៗ និង​ពេលបច្ចុប្បន្ន ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ដោយ​គិត​ទៅតាម​ប្រភេទ​ទំនិញ មានដូចជា​ការ​វេច​ខ្ចប់​ជា​ចាន ស្បៃ និង​ជា​ប្រភេទ​ដាក់​ប្រអប់​ជាដើម ដោយមាន​តម្លៃ​ចាប់ពី​៥​ដុល្លារ​អាម៉េរិក (២០.០០០​រៀល​) រហូតដល់​២០​ដុល្លារ (៨០.០០០​រៀល​)​ក៏មាន​។​

​ក្រុមអាជីវករ​ទាំងនេះ​បានបញ្ជាក់​ដូចគ្នា​ថា សា្ល​ដក់ គឺជា​សម្ភារៈ​មួយ​ដ៏​ចាំបាច់ និង​មិនអាច​ខ្វះ​បាន​ក្នុង​រដូវ​បុណ្យទាន ពិសេស​រដូវ​បុណ្យកាន់បិណ្ឌ ហើយ​ការងា​កមក​ចាប់​របរ​បន្ថែម​លក់​សាដក់​នេះ ក៏​មិន​ចំណេញ​ច្រើន​ដែរ ប៉ុន្តែ​កាក់កប​គួរសម ម្យ៉ាង​ដើម្បី​បំពេញតម្រូវការ​កើនឡើង​អ្នកទិញ និង​បង្ក​ភាពងាយស្រួល​ពុំ​ចាំបាច់​ទិញ​ទំនិញ​ច្រើន​មុខ យកមក​រៀបចំ​ដោយ​ខ្លួនឯង​៕