របស់ទ្រព្យ​មានតម្លៃ​របស់លោក​ស្តេ​វិ​ន ហក់​ឃី​ង ដាក់លក់​ដេញថ្លៃ​បាន ១,៨ លាន​ដុល្លារ​

685
ចែករម្លែក

​របស់របរ​ផ្ទាល់ខ្លួន​ជា​កម្មសិទ្ធិ​របស់​អ្នកប្រាជ្ញ​ទ្រឹស្តី​រូបវិទ្យា​ដ៏​ល្បីល្បាញ​ទើប​ស្លាប់ទៅ លោក ស្តេ​វិ​ន ហក់​ឃី​ង បាន​ដាក់លក់​ដេញថ្លៃ​បាន​ជិត​២​លាន​ដុល្លារ​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​ក្រុមហ៊ុន​លក់​ដេញថ្លៃ Christie’s បាន​យក​របស់របរ​ជាច្រើន​មក​ដាក់លក់ ក្នុងនោះ​រួមមាន​ទាំង​កៅអី​រុញ​ដើរ​ដោយ​អគ្គិសនី​ពណ៌​ក្រហម​របស់គាត់​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ការលក់​ដេញថ្លៃ​ដែល​ធ្វើឡើង​តាម​អន​ឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​វិច្ឆិកា​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ​នេះ បាន​ប្រមូលប្រាក់​ជាង ១,៨ លាន​ដុល្លារ ដោយ​បំបែក​ការរំពឹងទុក​នៅ​មុន​ការលក់​។ ការលក់​ដេញថ្លៃ​តាម​អន​ឡាញ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា “​នៅលើ​ស្មា​របស់​យក្ស​” គឺ​ចង់​សំដៅ​ទៅលើ​ឃ្លា​មួយ ដែល​បង្កើតឡើង​ដោយ​គណិត​វិទូ អ៊ី​សាក ញូ​តុ​ន​។​

​កៅអី​រុញ​ធ្វើ​ពី​រោមសត្វ​ពណ៌​ក្រហម ដែល​រូប​វិទូ​មាន​ដើមកំណើត​នៅ​ទីក្រុង​អក់​ស្វត​រូបនេះ​បាន​ប្រើ​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៩០ លក់បាន​ជិត ៤០០.០០០ ដុល្លារ​។ កៅអី​នេះ​ដំបូង​ត្រូវគេ​រំពឹងថា​នឹង​លក់បាន​ក្នុង​ចន្លោះ​ពី ១៣.០០០ ទៅ ២០.០០០ ដុល្លារ​ប៉ុណ្ណោះ​។​

​រាល់​ប្រាក់​ដែល​ទទួលបាន​ពី​ការលក់​កៅអី​រុញ​របស់លោក​ហក់​ឃី​ង​នឹងដាក់​ចូលទៅក្នុង​អង្គការ​មូលនិធិ​ស្តេ​វិ​ន​ហក់​ឃី​ង និង​សមាគម​ជំងឺសរសៃប្រសាទ​។​

​របស់របរ​ផ្សេងៗ​ទៀត​របស់លោក​ហក់​ឃី​ង​រួមមាន អាវ​រងា​របស់គាត់ លិខិតអញ្ជើញ​របស់​ជ​ន​ធ្វើដំណើរ​ជ្រែក​ពេលវេលា​ម្នាក់​ទៅកាន់​ពិធីជប់លៀង​មួយ ស្នាដៃ​និពន្ធ​ដើមពី​ការបង្ហាញ​ខ្លួន​គាត់​នៅក្នុង​រឿង “The Simpsons” និង បណ្តុំ​ពានរង្វាន់​និង​មេដាយ​របស់គាត់ លក់បាន​ជាង ៣៨០.០០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

របស់របរ​ផ្ទាល់ខ្លួន​របស់លោក​ហក់​ឃី​ង​លក់បាន ១,៨ លាន​ដុល្លារ