របាយការណ៍​ប៉េអឹមៈ រថយន្ត​ពាក់​ផ្លាក ខ​.​ម នៅតែ​ធ្វើ​សកម្មភាព​ដឹកទំនិញ ដឹក​ដី និង​ជួល​ទៅ​ឲ្យ​ជនបរទេស​

420
ចែករម្លែក
រថយន្ត​ពាក់​ផ្លាក ខ​.​ម នៅតែ​ធ្វើ​សកម្មភាព​ដឹកទំនិញ ដឹក​ដី និង​ជួល​ទៅ​ឲ្យ​ជនបរទេស(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ របាយការណ៍​របស់​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហាញថា មធ្យោបាយ​ជា​រថយន្ត​ដែល​ពាក់​ស្លាក​លេខ កងយោធពល​ខេមរភូមិន្ទ (​ខ​.​ម​) នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ ដឹក​ដី​បម្រើឱ្យ​ក្រុមហ៊ុន​ឯកជន ឬ​យកទៅ​ធ្វើ​អាជីវកម្ម​ដោយ​ជួល​ទៅឱ្យ​ជនបរទេស​ថែម​ទៀតផង ការចេញលិខិត​បេសកកម្ម ដោយ​ភ្ជាប់​ទៅជា​មួយ​នូវ​អាវុធ​របស់​អង្គភាព​មួយចំនួន ដែល​វា​មិនចាំបាច់​។ ប្រការនេះ​បាន​ជះឥទ្ធិពល​ទៅលើ​កិត្តិយស សេចក្តី​ថ្លៃ​ថ្ន និង​ជំនឿ​របស់​មហាជន និង​ប្រជាជន​មកលើ​កងយោធពល​ខេមរភូមិន្ទ​។​


​ ​របាយការណ៍​នេះ បាន​ផ្សព្វផ្សាយ​នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​កងរាជអាវុធហត្ថ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​ការងារ ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី មេបញ្ជាការរង នាយ នាយរង​សេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត នាយ​កា​រិ​ល័យ មេបញ្ជាការ​កង​អន្តរាគមន៍ និង​មេបញ្ជាការ​វរ​អន្តរាគមន៍​ផងដែរ​។​


​ ​សូមជម្រាបថា នាពេល​ថ្មីៗ​កន្លងមកនេះ កម្លាំង​អាវុធហត្ថ​រាជធានី បាន និង​កំពុងតែបន្ត​ចាត់វិធានការ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ ដែល​កំពុង​ធ្វើចរាចរ​យ៉ាង​អនាធិបតេយ្យ​តាម​ដងផ្លូវ នៅ​រាជធានី​ភ្នំពេញ ពិសេស​ក្រុម​ឡាន​ដឹកជញ្ជូន​គ្រប់​ប្រភេទ ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ ខ ម លោតឆ័ត្រ​នោះ​តែម្ដង ដែល​ប៉ះពាល់​ដល់​កិត្តិយស​ក្រសួងការពារជាតិ​។​ពាក់​ស្លាក​លេខ​ខម ដែល​ប៉ះពាល់​កិត្តិយស​ក្រសួងការពារជាតិ​។


​ ​បើទោះបីជា​សមត្ថកិច្ច​បា​ន​ធ្វើការ​ត្រួតពិនិត្យ​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេតឃើញ​រថយន្ត​ដឹក​ដី ដឹកទំនិញ នៅតែ​បន្ត​ពាក់​ស្លាក​លេខ ខ ម ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​៕ សរន

រថយន្ត​ពាក់​ផ្លាក ខ​.​ម នៅតែ​ធ្វើ​សកម្មភាព​ដឹកទំនិញ ដឹក​ដី និង​ជួល​ទៅ​ឲ្យ​ជនបរទេស(រូបឯកសារ)
រថយន្ត​ពាក់​ផ្លាក ខ​.​ម នៅតែ​ធ្វើ​សកម្មភាព​ដឹកទំនិញ ដឹក​ដី និង​ជួល​ទៅ​ឲ្យ​ជនបរទេស(រូបឯកសារ)
រថយន្ត​ពាក់​ផ្លាក ខ​.​ម នៅតែ​ធ្វើ​សកម្មភាព​ដឹកទំនិញ ដឹក​ដី និង​ជួល​ទៅ​ឲ្យ​ជនបរទេស(រូបឯកសារ)