របាយការណ៍​របស់​អូស្ត្រាលី​លើកឡើងថា អំណាច​យោធា​របស់​អាម៉េរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​ថមថយ​

638
ចែករម្លែក

ក្រុម​អ្នកផ្តល់​ប្រឹក្សា​យោបល់​មួយ​របស់​អូស្ត្រាលី​បាន​ព្រមាន​ថា សហរដ្ឋ​អាម៉េរិក​លែងមាន​ឧត្តមភាព​យោធា​នៅ​តំបន់​ប៉ាស៊ីហ្វិក​ទៀតហើយ ហើយ​អាច​នឹង​លំបាក​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​ប្រឆាំងនឹង​ចិន​។​

​របាយការណ៍​វាយប្រហារ​ធ្ងន់ៗ​ពី​មជ្ឈមណ្ឌល​សិក្សា​សហរដ្ឋ​អាម៉េរិក​នៅ​សាកលវិទ្យាល័យ​ស៊ីដនី​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​សីហា​បាន​និយាយថា​យោធា​អាម៉េរិក​គឺជា “​កម្លាំង​លែង​លូតលាស់​” ដែល “​ដាក់​រាយប៉ាយ​ច្រើន​កន្លែង​ហួសប្រមាណ​យ៉ាង​គ្រោះថ្នាក់​” និង “​មិនបាន​ត្រៀមខ្លួន​បានល្អ​” សម្រាប់​ការប្រឈមមុខ​ជាមួយ​ចិន​នោះទេ​។​

​បើ​ត្រឹមត្រូវ​មែន​នោះ ការវាយតម្លៃ​នេះ​មាន​ផលប៉ះពាល់​ខ្លាំង​សម្បើម​ណាស់​ដល់​សម្ព័ន្ធមិត្ត​អាម៉េរិក​ដូចជា​អូស្ត្រាលី​តៃវ៉ាន់​និង​ជប៉ុន​ដែល​ពឹង​ផ្អែកលើ​ការធានា​សន្តិសុខ​ពី​អាម៉េរិក​។​

​អាណត្តិ​ប្រធានាធិបតី​របស់លោក​ដូ​ណា​ល់ ត្រាំ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ថា​វ៉ាស៊ីនតោន​នឹងមិន​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ក្នុងពេល​ប្រឈម​នឹង​ការ​រុករាន​ពី​ចិន​នោះទេ​។ ប៉ុន្តែ​របាយការណ៍​ចុងក្រោយ​នេះ​បាន​លើកឡើងថា សហរដ្ឋ​អាម៉េរិក​អាច​នឹង​ពិបាក​ក្នុង​ការជួយ ទោះបី​អាម៉េរិក​ចង់​ជួយ​ក៏ដោយ​។​

​ដោយ​ចោទប្រកាន់​វ៉ាស៊ីនតោន​ថា “​ក្ស័យធន​ជា​យុទ្ធសាស្ត្រ​” អ្នកនិពន្ធ​នេះ​បាន​និយាយថា​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​រាប់​ទសវត្សរ៍ ការប្រកាន់​បក្ខពួក និង​ការវិនិយោគ​តិចតួច បានធ្វើឱ្យ​សម្ព័ន្ធមិត្ត​ប៉ាស៊ីហ្វិក​ងាយ​រងគ្រោះ​។​

​ពួកគេ​បាន​ព្រមាន​ថា “​ផ្ទុយទៅវិញ​ប្រទេស​ចិន​កំពុងមាន​សមត្ថភាព​កាន់តែខ្លាំង​ឡើង​ដើម្បី​ប្រឈម​នឹង​សណ្តាប់ធ្នាប់​ក្នុង​តំបន់​ដោយ​ប្រើ​កម្លាំង ដោយសារតែ​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រព័ន្ធ​យោធា​ទំនើប​”​។​

​នៅក្រោម​ការដឹកនាំ​រប​ស់​ប្រធានាធិបតី​ស៊ី ជីន​ពីង ថវិកា​ការពារជាតិ​ផ្លូវការ​របស់​ចិន​បាន​កើនឡើង​ប្រហែល ៧៥ ភាគរយ​ស្មើនឹង ១៧៨ ពាន់​លាន​ដុល្លារ ទោះបីជា​តួលេខ​ពិតប្រាកដ​ត្រូវគេ​ជឿថា​មាន​ច្រើនជាង​នេះ​ក៏ដោយ​។​

​អ្វីដែល​សំខាន់ គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​វិនិយោគ​លើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​បាញ់​ច្បាស់ៗ​ចំ​គោលដៅ​និង​ប្រព័ន្ធ​ប្រឆាំងនឹង​អន្តរាគមន៍ ដែល​ច្បាស់​ជា​បង្ក​ការលំបាក​ដល់​យោធា​អាម៉េរិក​ក្នុងការ​ទៅដល់​តំបន់​ដែលមាន​ការ​ប្រទាញប្រទង់​គ្នា​ឱ្យបាន​រហ័ស​។​

​យោងតាម​របាយការណ៍​នេះ “​រាល់​មូលដ្ឋាន​អាម៉េរិក សម្ព័ន្ធមិត្ត​និង​ដៃគូរ​ស្ទើរតែ​ទាំងអស់ ព្រមទាំង​វាល​យន្តហោះ កំពង់ផែ និង​សំណង់​យោធា​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​” គឺ ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ និង​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​។​

​ប្រៀប​ឈ្នះ​របស់​ចិន​ទាំងនេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ដណ្តើមយក​ទឹកដី​នៅ​កោះ​តៃវ៉ាន់ បណ្តា​កោះ​ដែល​គ្រប់គ្រង​ដោយ​ជប៉ុន ឬ សមុទ្រ​ចិន​ខាងត្បូង មុនពេល​កងកម្លាំង​អាម៉េរិក​ចូលទៅ​ដល់ទី​នោះ​។​

​ក្រុម​អ្នកជំនាញ​ជឿថា​ការដាក់​ពង្រាយ​មី​ស៊ី​ល​ដែលមាន​មូលដ្ឋាន​លើដី​គោក​របស់​អាម៉េរិក​និង​តួនាទី​ផ្លាស់ប្តូរ​សម្រាប់​កង​ម៉ា​រី​ន​អាម៉េរិក​នឹងមាន​សារៈសំខាន់​ក្នុងការ​ប្រឆាំងនឹង​ចិន​ក៏ដូចជា​ការការពារ​ជា​សមូហភាព​ក្នុង​តំបន់ ជាមួយ​អូស្ត្រាលី​និង​ជប៉ុន​ត្រូវ​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង​ថែមទៀត​។​

​នៅក្នុង​ប្រទេស​អូស្ត្រាលី ក្តីកង្វល់​បាននិងកំពុង​កើនឡើង​អំពី​ការការពារ​មិន​គ្រប់គ្រាន់​ដែល​ជំរុញឱ្យមាន​ការជជែក​វែកញែក​ថា​តើ​ប្រទេស​នេះ​គួរតែ​គិត​អំពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដែរ​ឬ​អត់​។​

​ការពិភាក្សា​ស្រដៀង​គ្នា​នេះ​ត្រូវបានធ្វើ​ឡើងជា​ទៀងទាត់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នៅ​ជិតខាង​ផងដែរ​។​

​របាយការណ៍​ដាច់ដោយឡែក​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​សីហា​ដោយ​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី​បានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​អូស្ត្រាលី​បង្កើន​និង​ពង្រឹងសមត្ថភាព​យោធា​នៅ​ភាគ​ខាងជើង​ដែលមាន​ប្រជាជន​តិច​។​

​អ្នកនិពន្ធ ឈ្មោះ ច​ន ខូ​យ បានសរសេរថា “​ដោយសារតែ​ពេលវេលា​នៃ​ការព្រមាន​ត្រូវបាន​កាត់បន្ថយ​ច្រើន​សម្រាប់​ជម្លោះ​នាពេល​អនាគត វា​ទំនងជា​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​នឹងត្រូវ​បាន​ប្រើ​ជា​មូលដ្ឋាន​ប្រតិបត្តិការ​ឈានមុខ​ដើម្បី​ឆាប់​ទៅដល់​តំបន់​ជម្លោះ​។​

​យោធា​អាម៉េរិក​បាន​ត្រៀម​ថវិកា​ប្រមាណ ២១០ លាន​ដុល្លារ​រួចហើយ​ដើម្បី​ជំរុញ​មូលដ្ឋានទ័ព​ម៉ា​រី​ន​នៅ​ជិត​ទីក្រុង​ដាវី​ន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី​នាពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ព័​រ បាន​លើកឡើងថា សហរដ្ឋ​អាម៉េរិក​ចង់​ដាក់ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​នៅ​អាស៊ី​។ រហូតមកទល់​ពេលនេះ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​សង្កត់ធ្ងន់ថា​ខ្លួន​មិនបាន​ទទួល​សំណើ​ជា​ផ្លូវការ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​អាវុធ​ទាំង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិក​លែងមាន​អំណាច​យោធា​ខ្លាំងក្លា​នៅ​អាស៊ី​ប៉ា​ហ្វិ​ក​ទៀតហើយ

#