របាយការណ៍​របស់ UBS ៖ កំណើនសេដ្ឋកិច្ច​វៀតណាម​នឹង​ស្ទុះ​លឿន​ជាង​ចិន​នៅ​ឆ្នាំ ២០១៨

1137
ចែករម្លែក

ការវិនិយោគ​បរទេស​ដែល​កើនឡើង​ខ្លាំង កំពុង​ដាក់​ប្រទេស​វៀតណាម​លើផ្លូវ​ត្រូវ​។

ធនាគារ​វិនិយោគ​ស្វី​ស UBS បាន​ព្យាករណ៍​ថា វៀតណាម​នឹងមាន​កំណើនសេដ្ឋកិច្ច​ស្ទុះ​លឿន​ជាង​កំណើនសេដ្ឋកិច្ច​ចិន​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៨​។​

​សម្រាប់​រយៈពេល​ជាង ៣០ ឆ្នាំ​មកនេះ ចិន​គឺជា​សេដ្ឋកិច្ច​ធំ​លូតលាស់​លឿន​ជាងគេ​របស់​ពិភពលោក ដោយ​ប្រែក្លាយជា​តារា​រះ​មួយ​នៅ​អាស៊ី​។

​ទោះយ៉ាងណា សេដ្ឋកិច្ច​ចិន​កាលពី​ឆ្នាំមុន​កើនឡើង​ត្រឹម ៦,៧ ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង ៦,៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៥ ដោយ​ធ្វើឱ្យ​ចិន​មាន​កំណើន​យឺត​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ ១៩៩០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​។

ធនាគារ UBS បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​វៀតណាម​កើនឡើង ៦,៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៧ គឺ​យឺត​ជាង​គោលដៅ​ព្យាករណ៍​ទុក ៦,៧ ភាគរយ ដែល​កំណត់ដោយ​រដ្ឋាភិបាល ប៉ុន្តែ​នៅតែ​ខ្ពស់ជាង ៦ ភាគរយ បួន​ឆ្នាំ​ជាប់​គ្នា ថ្វីបើ​កំណើនសេដ្ឋកិច្ច​អាស៊ី​មាន​សភាព​យឺតយ៉ាវ​ក្តី​។

ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា សេដ្ឋកិច្ច​វៀតណាម​លូត​លាស់​នៅ​អត្រា​៥,៧៣ ភាគរយ​នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០១៧ ភាគច្រើន​គឺ​ជំរុញ​ដោយ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI)​។ នេះ​បើតាម​ទិន្នន័យ​របស់ UBS​។​

ទឹកប្រាក់ FDI របស់​វៀតណាម​បាន​កើនឡើង​នៅ​អត្រា​ខ្ពស់ជាង ១០ ភាគរយ​ប្រចាំឆ្នាំ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ និង ទឹកប្រាក់​វិនិយោគ​ពិតប្រាកដ​បាន​ឡើងដល់ ១៥,៨ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំមុន ដែលជា​កំណត់ត្រា​ថ្មី​។

អំឡុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៧ ប្រទេស​វៀតណាម​ក៏បាន​ស្វាគមន៍​ការសន្យា​វិនិយោគ​ក្នុង​ទឹកប្រាក់ ១៩ ពាន់​លាន​ដុល្លារ​ផងដែរ ដោយ​កើនឡើង ៥៥ ភាគរយ​ពី​ឆ្នាំទៅ​មិញ ដែល​ភាគច្រើន​គឺ​មកពី​បណ្តា​ប្រទេស​មហាអំណាច​បច្ចេកវិជ្ជា​របស់​អាស៊ី​ខាងជើង​៕ ដោយ ៖កញ្ញាដាលីស

កម្មករ​កំពុងធ្វើការ​នៅ​រោងចក្រ​កាត់ដេរ TAL ក្នុង​ខេត្ត​វិញ​ភុ​ក កាលពី​ខែឧសភា ឆ្នាំ ២០១៧