របាយការណ៍​សហប្រជាជាតិ​៖ កូរ៉េខាងជើង​ព្យាយាម​ការពារ​សមត្ថភាព​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​

499
ចែករម្លែក

​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នៅ​តែ​មាន​ដដែល ហើយ​ប្រទេស​នេះ​កំពុង​ធ្វើ​ឱ្យ​ប្រាកដ​ថា​សមត្ថភាព​ទាំងនោះ​មិន​អាច​ត្រូវបាន​បំផ្លាញ​ដោយ​ការ​វាយ​​ប្រហារ​ដោយ​យោធា​ណាមួយ​ឡើយ​។​

​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​តាមរយៈ​របាយ​ការសម្ងាត់​របស់​ក្រុមអ្នកតាមដាន​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​របាយការណ៍​ដែល​ត្រូវបាន​ដាក់​ទៅ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​នេះ កើត​ឡើង​នៅ​មុន​កិច្ច​ជំនួប​កំពូល​​លើក​ទី​២​ដែល​បាន​គ្រោងទុក​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ចុងខែ​នេះ​។ ពួកគេ​បាន​ជួប​គ្នា​លើក​ទី​មួយ​​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៨​ហើយ​លោក​គីម ជុង​អ៊ុន បាន​សន្យាថា​នឹង​ធ្វើការ​ឆ្ពោះទៅរក​ការលុបបំបាត់ចោល​អាវុធ​នុយក្លេអ៊ែរ​ក្នុងប្រទេស​របស់លោក​។​

​នៅពេលដែល លោក ដូ​ណា​ល់ ត្រាំ​បាន​អបអរសាទរ​ការរីក​ចម្រើន​ខ្លាំង​ក្នុង​ទំនាក់ទំនង របស់​លោក​ជា​មួយ​កូរ៉េខាងជើង​នោះ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​​រកឃើញ​ថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​កំពុង​ប្រើប្រាស់​រោងចក្រ​ស៊ីវិល​ដោយ​រួមទាំង​ព្រលាន​យន្តហោះ​សម្រាប់​ការផលិត​មី​ស៊ី​ល​ឆ្លង​ទ្វីប​និង​ការ​ធ្វើតេស្តិ៍​សាកល្បង​ជាមួយ​គោលដៅ​នៃ​​ការទប់ស្កាត់​ការវាយប្រហារ​មកលើ​ទីតាំង​ផលិត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។​

​របាយការណ៍​នេះ​បាន​និយាយថា​ខ្លួន​បាន​រកឃើញ​ភស្តុតាង​ដែល​កូរ៉េខាងជើង​បង្កើន​ការផលិត​អាវុធ ការ​ស្តុក​ទុក​គ្រឿង​អាវុធ និង​ទីតាំង​សាកល្បង​អាវុធ​។​

​ក្រុម​បេសកកម្ម​ការទូត​កូរ៉េខាងជើង​នៅ​អង្គការសហប្រជាជាតិ​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ ” 317-page U.N ” ដែល​ត្រូវបាន​ដាក់​ទៅ​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​នោះទេ​៕

មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង​ត្រូវបាន​គេ​ឃើញ​នៅក្នុង​អំឡុង​ព្យូហ​យាត្រា​យោធា​មួយ​នៅ​ទីក្រុង​ព្យុងយ៉ាង