របាយការណ៍​៖ គីម អញ្ជើញ​ត្រាំ ទៅធ្វើ​ជំនួប​កំពូល​ទី​២​នៅ​កូរ៉េខាងជើង​នា​ខែកក្កដា​

880
ចែករម្លែក

​ក្រោយ​ជំនួប​របស់​ពួកគេ​នៅ​សិង្ហ​បុរី មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ អាច​ជួបគ្នា​ជាថ្មី​លឿន​បំផុត​នៅ​ខែកក្កដា តែ​ពេល​​នេះ​នៅ​រដ្ឋធានី​ព្យុងយ៉ាង​។​

​យោងតាម​កាសែត​កូរ៉េខាងត្បូង​Joongang Ilbo ដែល​យោងតាម​ប្រភព​នៅ​សិង្ហ​បុរី លោក​គីម បាន​អញ្ជើញលោក​ត្រាំ​ទៅ​កូរ៉េខាងជើង​ដើម្បី​ធ្វើ​ជំនួប​កំពូល​លើក​ទី​២​នៅ​​ខែកក្កដា​។​ប្រភពព័ត៌មាន​និយាយ​ថា ជំនួប​នៅ​ក្រុង​ព្យុងយ៉ាង បើ​កើតមាន​មែន នឹង​បន្ត​ជជែក​ចំណុច​លម្អិត​នៃ​ការរំសាយ​ចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង បើ​មេដឹកនាំ​ទាំង​​ពីរ​បានសំរេច​កិច្ចព្រមព្រៀង​គោល​នៅក្នុង​ជំនួប​កំពូល​នៅ​សិង្ហ​បុរី​នា​ថ្ងៃ​អង្គារ​ទី​១២​មិថុនា​។​

​របាយការណ៍​បាន​និយាយទៀតថា បើ​ជំនួប​កំពូល​ទី​២​ដំណើរការ​ទៅមុខ វា​អាចមាន​ជំនួប​ទី​៣​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​ខែកញ្ញា​។​

​អំពី​ជំនួប​កំពូល​នៅ​សិង្ហ​បុរី ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មេដឹកនាំ​របស់ខ្លួន​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​​ពិភាក្សា​អំពី​”​យន្ត​ការរក្សា​សន្តិភាព​អចិន្ត្រៃយ៍​និង​ឋិតថេរ​”​មួយ​នៅលើ​ឧបទ្វីប​កូរ៉េ ការរំសាយ​ស​ព្វា​វុ​ធនុ​យ​ក្លេ​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​និង​បញ្ហា​នៃ​ការព្រួយបារម្ភ​ទៅវិញទៅមក​​ផ្សេងទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ​បាន​និយាយថា​” ទស្សនៈ​មួយចំនួនធំ​លើ​បញ្ហាបង្កើត​ទំនាក់ទំនង​ថ្មី​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​(DPRK)​និង​​អាមេរិក បញ្ហា​ស្ថាបនា​យន្តការ​រក្សា​សន្តិភាព​អចិន្ត្រៃយ៍​និង​ឋិតថេរ​មួយ​នៅលើ​ឧបទ្វីប​កូរ៉េ បញ្ហា​នៃ​ការរំលាយចោល​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​និង​បញ្ហា​នៃ​ការព្រួយបារម្ភ​​ទៅវិញទៅមក​ផ្សេងៗ នឹងត្រូវ​ផ្លាស់ប្តូរ​នៅ​ជំនួប​កំពូល​រវាង​DPRK​និង​អាមេរិក​”៕​ដោយ​:​វាសនា​

#