របាយការណ៍​: ជំនន់​ទឹកភ្លៀង​មាននៅ​៧​ខេត្ត ក្នុងនោះ​កំពង់ស្ពឺ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​

1251
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ជំនន់​ទឹកភ្លៀង បាន​កើតឡើង​ក្នុង​ខេត្ត​ចំនួន​៧ រួមមាន កំពង់ស្ពឺ ព្រះសីហនុ កំពត កែប កោះកុង ប៉ៃលិន និង​បាត់ដំបង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្ងៃទី​១៩ ខែកក្កដា​នេះ​។​

​របាយការណ៍​នេះ​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​នេះ គឺ​បង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ សុន ទី​ញ កំពុង​រំកិល​ទៅ​ក្បែរ​ដីគោក នៃ​ក្រុង​ហាណូយ ប្រទេស​វៀតណាម ស្រប​ពេលដែល​ព្យុះ​ទី​១០ កំពុង​វិ​វត្ត​កើតមានឡើង​។​

​ការប៉ះពាល់ និង​ខូចខាត​៖

​ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ២៣០​គ្រួសារ​, ប៉ះពាល់​ដំណាំ​ស្រូវ ១១៥៧​ហិកតា និង​ចម្ការ​ស្វាយ ២៣២​ហិកតា​។​

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ចំនួន ៥០០​គ្រួសារ​។​

​ខេត្តកំពត​៖ ទឹកជំនន់​នៅ​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ឡើងដល់ ៨,២​ម៉ែត្រ ដែលជា​កម្រិត​ប្រកាសអាសន្ន គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៨​កក្កដា​។​

​ខេត្ត​កែប​៖ សភាពការណ៍​អាច​គ្រប់គ្រង​បាន ហើយនឹង​ត្រូវ​តាមដាន​បន្តទៀត​។​

​ខេត្តកោះកុង​៖ ប៉ះពាល់​ចំនួន ៥​ឃុំ ក្នុងស្រុក​ចំនួន​៤ ដោយ​ប្រជាជន​ប្រមាណ ៥៥១​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​ខេត្ត​ប៉ៃលិន​៖ មាន​ភ្លៀង​ធ្លាក់​តិច ប៉ុន្តែ​នៅតាម​ស្ទឹង អូរ ព្រែក មានទឹក​ពេញ​ទាំងអស់ ដោយសារ​ទឹកភ្លៀង ហូរ​ធ្លាក់​ពី​ខេត្ត​ត្រាត ប្រទេស​ថៃ​។​

​ខេត្តបាត់ដំបង​៖ ស្រូវ​កំពុង​ហាល​ផ្កា ខូចខាត​ទាំងស្រុង ៥០​ហិកតា​, ស្រូវ​ប្រឈម​ការខូចខាត​ប្រមាណ ១០០៧​ហិកតា និង​ផ្ទះ​លិច​ទឹក ១០៩​ខ្នង​។ នៅ​ចំណុច​ស្ពាន​បឹង​អូរ​ជាង ស្រុក​កំរៀង មាន​ប្រេះ​ដី​នៅ​គល់ស្ពាន​៕​ ល