របាយការណ៍​: “​ការចុះបញ្ជី​ក្រុមហ៊ុន សហគ្រាស​ថ្មី​កើនឡើង​ទ្វេ​រដង​”

1177
ចែករម្លែក
  • 3
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: គិត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ការចុះបញ្ជី​ថ្មី​របស់​ក្រុមហ៊ុន ការិយាល័យ​ពាណិជ្ជកម្ម និង​សាខា​ក្រុមហ៊ុន​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​រហូតដល់​១០៧,៣​ភាគរយ ស្មើនឹង​ក្រុមហ៊ុន​សរុប​ចំនួន​៤.៥៣៤​ក្រុមហ៊ុន ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួន​២.១៩០​ក្រុមហ៊ុន​។ នេះ​យោងតាម​របាយការណ៍​កា​រងារ​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ប្រភព​ខាងលើនេះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ថា ដោយឡែក​ការចុះបញ្ជី​សហគ្រាស​ឯកបុគ្គល​ថ្មី​ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ​មាន​ចំនួន​សរុប​១.២០៥​សហគ្រាស ប្រៀបធៀប​ទៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ មាន​ចំនួន​៤៧៨​សហគ្រាស គឺមាន​ការកើនឡើង​១៥២,០៩​ភាគរយ​។ ចំណែក​ការចុះបញ្ជី​លើ​ការកែប្រែ​របស់​ក្រុមហ៊ុន ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​និង​សាខា​ក្រុមហ៊ុន​បរទេស​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​ចំនួន​៤.៣១៥​ក្រុមហ៊ុន ប្រៀបធៀប​ទៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ ដែលមាន​ចំនួន​៣.៣៤២​ក្រុមហ៊ុន គឺមាន​ការកើនឡើង​ដល់​២៩,១១​ភាគរយ​។

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា​ណិ្ជ​កម្ម កាលពីពេល​កន្លងទៅនេះ​មានប្រសាសន៍ថា មូលហេតុ​នៃ​កំណើន​ការចុះបញ្ជី​ថ្មី​នៃ​ក្រុមហ៊ុន សហគ្រាស​ទាំងនេះ ដោយសារតែ​ប្រទេស​កម្ពុជា បាន​បើកទូលាយ​នូវ​ច្បាប់​វិនិយោគ គួបផ្សំ​ជាមួយ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ​ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ឆ្នាំ​២០១៥ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត (​អន​ឡាញ​) ដែល​គិត​រហូត​មកទល់ពេលនេះ ការចុះបញ្ជី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ និង​ល្អប្រសើរ​ជាង​មុន​ក្នុង​មូលហេតុ​ចូលរួម​កាត់បន្ថយ​ការចំណាយ​នានា និង​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ជាដើម ខណៈដែល​ចរាចរណ៍​ក្នុងស្រុក​មាន​ភាព​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​៕ ល​