របាំ​បេះ​ផ្កា​កកោះ​នា​រដូវចូលឆ្នាំ​របស់​អ្នកស្រុក​ស្វាយចេក ត្រូវបាន​សម្តែង​ជា​ផ្លូវការ​

194
ចែករម្លែក
  • 65
    Shares

ដោយ​: ឡា​យុំ / បន្ទាយមានជ័យ​: របាំ​បេះ​ផ្កា​កកោះ​របស់​អ្នកស្រុក​ស្វាយចេក ត្រូវបាន​សម្តែង​ជា​ផ្លូវការ​លើកដំបូង​ហើយ ក្នុង​ពី​ធី​បើក​សង្ក្រាន្ត​បន្ទាយឆ្មារ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ គ​.​ស​២០១៩ នៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក កាលពី​ថ្ងៃទី​១៣​ខែមរ​សា​ឆ្នាំ​២០១៩​ថ្មីៗ​នេះ​។​

​គឺជា​ពិធី​ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកស្រី ម៉ៅ ម៉ា​ល័យ ជា​អធិបតី និង​មាន​ឥស្សរជន​ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល អភិបាលរង​ខេត្ត​ព្រមទាំង​មន្ត្រី កងកម្លាំង មនុស្ស​ចាស់ យុវជន យុវនារី យ៉ាងច្រើន​ចូលរួម​។​

​របាំ​បេះ​ផ្កា​កកោះ ត្រូវ​រាំ​ពត់ពេន​តាម​ចង្វាក់ភ្លេង​បែប​ស្រុក​ស្រែចម្ការ ហើយ​តួ​របាំ​ស្រី​ពាក់អាវ​បំពង់​ពណ៌​បៃតងខ្ចី ស្លៀក​ក្បិន​ពណ៌​ខៀវ​ស្រាល មាន​ចង​បូរ​ក្រមា​ពណ៍​ស៊ី​លាប​ពាក់ឈៀង​ទ្រូង ឯ​សក់ក្រង​មាន​សៀតផ្កា​កកោះ​១​បាច់​ខាងស្តាំ ហើយ​ដៃ​កាន់​ត្រក​មួយ​សម្រាប់​ដាក់​ផ្កា​កកោះ ពេល​តួ​ប្រុស​បេះ​បានមក​។ ចំណែក​តួ​ប្រុស​វិញ ពាក់អាវ​បំពង់​ពណ៍​លឿង​ស្រាល ស្លៀកខោ​បំពង់​ពណ៌​ខៀវ មាន​ចង​ជាយ​ក្រមា​ពណ៌​ខៀវ​នៅ​ក្បាល និង​ក្រណាត់​ពណ៌​លឿងចាស់​ក្រវាត់​ចង្កេះ ហើយ​ដៃស្តាំ​កាន់​ទំ​ពក់​ឫស្សី និង​ខាងចុង​ផ្តៅ ដែលជា​និមិត្ត​ទំ​ពក់​បេះ កាវ​ទាញ​បេះ​ផ្កា​កកោះ មក​ឲ្យ​តួ​ស្រី​ជា​ដៃគូ​។​

​ការ​រាំ​តាម​ភ្លេង​ជា​កាយវិកា​បេះ​បាន​ផ្កា​ហើយ គេ​បាន​យក​ផ្កា​ទៅជូន​ឪពុកម្តាយ ចាស់ៗ ដើម្បី​យកទៅ​ធ្វើជា​ផ្កា​ភ្ញី​ថ្វាយ​ព្រះ គឺ​ព្រះសម្មាសម្ពុទ្ធ​ជាទី​សក្ការៈ នា​រដូវ​បុណ្យចូលឆ្នាំ​។​

​ការរៀបចំ​របាំ​ដែល​ធ្លាប់តែ​អ្នកស្រុក​អាយ​នៅ​ស្រុក​ស្វាយចេក​នេះ នាំគ្នា​រាំ​នៅតាម​វាលស្រែ​ចម្ការ និង​ព្រៃ​ជុំវិញ​ដើម​កកោះ​ដែល​ចេញ​ផ្កា​ក្រអូប​ប្រហើរ​នេះ មកជា​ទម្រង់​ជា​លក្ខណៈ​របាំ​មាន​ក្បូន គឺ​បាន​កិច្ចសហការ​ពី​ព្រឹទ្ធ​ចា​រ្យ ក្នុងភូមិ​ជាមួយ​អាជ្ញាធរ​ដែនដី ជំនាញ​វប្ប​ធ​ម៍​និង​វិចិត្រសិល្ប​: និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វប្បធម៌​ខ្មែរ ឬ​ហៅ​សាលា​ល្ខោនស្បែក នៃ​អង្គការ​គ្រួសារ​ថ្មី​ខេត្តបន្ទាយមានជ័យ​។​

​អំពី​ប្រវត្តិ​នៃ​របាំ​បេះ​ផ្កា​កកោះ​នេះ ចាស់ព្រឹទ្ធាចារ្យ​នៅ​ឃុំ​ស្វាយចេក ឃុំ​រលួស​និង​ឃុំ​ទ្រា​សបាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា របាំ​នេះ យកតាម​លំនាំ​នៃ​ទំនឹមទំនៀម​ពី​ធី​បេះ​ផ្កា​កកោះ​ថ្វាយ​ព្រះ​ក្នុងអំឡុង​ចុងបញ្ចប់ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឬ​ថ្ងៃ​ឡើងស័ក​ដែល​អ្នកស្រុក​ត្រូវ​ស្រង់​ព្រះ​និង​ថ្វាយ​ផ្កា​។​

​ប្រភព​បាន​បន្តថា ការ​បេះ រាំ ច្រៀង និង​ថ្វាយ​ផ្កា​កកោះ​នេះ មាន​តំណាល​ថា នា​ថ្ងៃមួយ​ក្នុង​ចុងខែ​ចែ​ត្រ និង​ដើមខែ​ពិសាខ​ក្តៅ​ហួតហែង​ក្នុង​ពុទ្ធប្រវត្តិ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​យាង​និ​មិ​ន្ត​កាត់​ព្រៃ ហើយ​ដាច់​ចង្ហាន់​និង​ទឹក តែ​ក៏បាន​ជួប​ក្រុម​អ្នកស្រុក​កំពុង​នាំគ្នា​បេះ​ផ្កា​កកោះ​និង​រាំ​ជុំវិញ​ដើម ទើប​ទ្រង់​ប្រោស​ទទួល​ចង្ហាន់ ទឹក​និង​ផ្កា​កកោះ​បូជា​ពី​អ្នកស្រុក​និង​ប្រោះព្រំ​ពរជ័យ​។​

​ពោលគឺ​អត្ថន័យ​នៃ​របាំ​បេះ​ផ្កា​កកោះ​នេះ មាន​៣​ជាសំខាន់ : ទី​១- បេះ​ផ្កា​ឧ​ទ្ធិ​ស​ថ្វាយ​ដល់​ព្រះសម្មាសម្ពុទ្ធ​។ ទី​២- ពិធីបួងសួង​សុំ​ទឹកភ្លៀង និង​ភោគផល​ដំណាំ​ស្រែចម្ការ ឬ​ពិធី​សែន​ស្រែចម្ការ សេចក្តីសុខ​ចម្រើន​ក្នុង​ឆ្នាំ​ថ្មី​។ និង​ទី​៣- ការសប្បាយរីករាយរ​បស់​អ្នកស្រុក​ក្នុង​រាប់អាន រួបរួមសាមគ្គី ជួយ​គ្នា​។​

​អ្នកស្រុក​ម្ចាស់​របាំ​នេះ មន្ត្រី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​វប្បធម៌​សង្ឃឹមថា ក្រោយ​បានរៀបចំ​ទំនឹមទំនៀម​រាំ​បេះ​ផ្កា​កកោះ​នេះ​ទៅជា​ទម្រង់​របាំ និង​បាន​សម្តែង​ជា​ផ្លូវ​ការលើក​នេះ គេ​នឹង​ដាក់សំណើ ដើម្បី​សុំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ទទួលស្គាល់ និង​ក្រសួង​ពាក់ព័ន្ធ​ផ្តល់​កម្មសិទ្ធិបញ្ញា​៕ ល​