របួសធ្ងន់​ស្រាល​៣​នាក់ ក្នុងករណី​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​នៅ​ក្រុង​ព្រៃវែង​

1174
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​ស្រាល​ម្នាក់​។ ហេតុការណ៍​នេះ​បានកើត ឡើង​នៅ​ចំណុច​មុខ​ធនាគារ​កាណាឌីយ៉ា លើផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ក្រុង ស្ថិតក្នុង​ភូមិ​លេខ​៧ សង្កាត់​ពង់​លាវ ក្រុង​ព្រៃវែង កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨​។​

​ភ្នាក់ងារ​រស្មី​កម្ពុជា​ប្រចាំ​ខេត្តព្រៃវែង បាន​ស្រង់​សម្ដី​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា C125 សេរី 2016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1C 5549 បើកបរ​ដោយ​ឈ្មោះ មាន ភ័​ក្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​សង្វាន ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ឆន ភី ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដោយ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើន​ហេតុ បាន​ជ្រុល​ទៅបុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AR 9228 បើកបរ​ដោយ​ឈ្មោះ ឡុង ចាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ជើង​ទឹក (​ក​) សង្កាត់​ជើ​ទឹក​ក្រុង​ព្រៃវែង ពេញទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​រ៉ឺម៉ក​។​

​សេចក្ដីរាយការណ៍​ពី​ខេត្តព្រៃវែង បន្តទៀតថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ឃើញថា ករណីនេះ បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ និង​អ្នកបើក​រ៉ឺម៉ក​រងរបួស​ធ្ងន់ ដោយឡែក​ឈ្មោះ ឆន ភី ដែល​រួម​ដំណើរ​របួសស្រាល​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​មកពី​ម៉ូតូ​បើកបរ​ល្បឿន​លឿន​ជ្រុល​បុក​រ៉ឺម៉ក​ពេញទំហឹង​។ ចំពោះ​អ្នករបួសធ្ងន់​បញ្ជូនទៅ​ព្យ​បាល​នៅ​មន្ទីរ​បង្អែក​ខេត្ត ចំណែក​មធ្យោបាយ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​៕