របួស​ជិត ២០០ នាក់​ដោយសារ​ដុត​ផាវ​ឆ្លង​ឆ្នាំ​នៅ​ហ្វីលីពីន​

453

​មនុស្ស​ជិត ២០០ នាក់​បាន​រងរបួស អំឡុង​ការអបអរ​ឆ្លង​ឆ្នាំ​សកល​ដ៏​ចលាចល​ជា​ទម្លាប់​ក្នុងប្រទេស​ហ្វីលីពីន បើទោះបីជា​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ រឹតត្បិត​ការប្រើ​ផាវ​ក៏ដោយ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ ទី​១ មករា​។

​បទបញ្ជា​ចុះហត្ថលេខា​កាលពី​ខែមិថុនា បាន​រឹតត្បិត​ការបង្ក​សំឡេង​ផ្ទុះ​លាន់​រំខាន​សហគមន៍ ក្នុង​បំណង​ទប់ស្កាត់​ករណី​របួស​និង​ស្លាប់ ដែល​កើតឡើង​ស្ទើរ​រាល់​ឆ្នាំ​។

​ហ្វីលីពីន​ជា​ប្រទេស​ជឿ​សាសនា​យ៉េ​ស៊ូ (​ពួក​កាតូលិក​) ប៉ុន្តែ​រាល់​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​តែងតែ​នាំមក​នូវ​អប្បិយ​ជំនឿ​បុរាណ​ហ្វីលីពីន​និង​ចិន​ថា ការបង្ក​សំឡេង​ថ្លង់​នឹង​ជួយ​បណ្តេញ​ព្រលឹង​ព្រាយ​បិសាច​។

​រដ្ឋមន្ត្រី​សុខាភិបាល លោក ហ្វ្រ​ង់​ស៊ី​ស្កូ ឌូ​ក និយាយថា មនុស្ស ១៩១ នាក់​រងរបួស​អំឡុង​ការសប្បាយ​ឆ្លង​ឆ្នាំ ២០១៨ ពោលគឺ​ធ្លាក់ចុះ ៧៧ ភាគរយ​នៃ​ករណី​របួស​ធៀប​នឹង ៥ ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ​បាន​ទទូចថា ក្រសួង​នឹង​ណែនាំ​ឱ្យ​ហាម​ដុត​ផាវ​ទាំងស្រុង​តែម្តង​ដើម្បី​ទប់ស្កាត់​ករណី​របួស​ឬ​ស្លាប់​៕ ដោយ៖ កញ្ញាដាលីស

របួស ១៩១ នាក់​អំឡុង​ការដុត​ផាវ​អបអរ​ឆ្លង​ឆ្នាំ​នៅ​ហ្វីលីពីន​យប់មិញ